ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា មានប្រសាសន៍ថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច នឹងធ្វើឱ្យស្ថាប័នរដ្ឋសភាធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព។
អនុប្រធានទី ១ រដ្ឋសភា បានថ្លែងដូច្នេះនៅពិធីបិទកម្មវិធីផ្សព្វផ្សាយស្តីពី លទ្ធផលការងារ និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System) នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥។
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច មានភាពប្រទាក់ក្រឡាគ្នា ដែលត្រូវពង្រឹងឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យស្ថាប័នរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
ឯកឧត្តមអនុប្រធានទី ១ រដ្ឋសភាបានលើកឡើងថា ៖«ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ៖ យើងបានពិនិត្យមើលវឌ្ឍនភាពសំខាន់ៗ ដែលបានធ្វើឡើងក្នុងការពង្រឹងភាពជឿជាក់នៃថវិកា និងការបង្កើតវិន័យសារពើពន្ធរបស់យើង និងដំណើរឆ្ពោះទៅរកការរៀបចំថវិកាផ្អែកលើកម្មវិធីក្នុងការឆ្លើយតបទៅនឹងកម្មវត្ថុគោលនយោបាយ»។
ចំណែកការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ភាពជោគជ័យរបស់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ វាអាស្រ័យទាំងស្រុងលើមន្ត្រីរាជការដែលមានសមត្ថភាព ឆន្ទៈ និងប្រកបដោយការលើកទឹកចិត្ត។ ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ប្រសិទ្ធភាពធនធានមនុស្សការធ្វើទំនើបកម្ម រចនាសម្ព័ន្ធស្ថាប័ន និងការលើកកម្ពស់វប្បធម៌នៃការលើកទឹកចិត្តដល់មន្ត្រីរាជការ។


ចំណែកប្រព័ន្ធសភាអេឡិចត្រូនិក ៖ គម្រោង E-Parliament គឺជាការធ្វើទំនើបកម្មស្ថាប័ន និងផ្តល់ឱ្យ យើងប្រើបច្ចេកវិទ្យា ទិន្នន័យកាន់តែលឿន និងមានប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់ការលើកកម្ពស់តម្លាភាព គណនេយ្យភាពនិងស័ក្កសិទ្ធភាព (ចំណាយតិច តែចំណេញច្រើន/Cost effective)។
ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតជាម យៀប បានសម្តែងនូវក្តីរីករាយនិងអបអរសាទរចំពោះលទ្ធផលគួរជាទីមោទនៈ ដែលសម្រេចបានពីកិច្ចប្រជុំបូកសរុបនិងផ្សព្វផ្សាយស្តីពីលទ្ធផល ការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈនិងការអនុវត្តគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System)។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដ៏ស្មោះស្ម័គ្របំផុតចំពោះសម្តេចរដ្ឋសភាធិបតី ដែលចំណាយ ពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាអធិបតី បើកកម្មវិធីផ្សព្វផ្សាយនេះ ដោយបានលើកទឹកចិត្ត និងផ្តល់នូវអនុសាសន៍សំខាន់ៗ សំដៅបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឈានទៅកសាងនិងអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ពិតជាទទួលបាននូវពុទ្ធិចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីកម្មវិធីនេះ ដែលនឹងជួយដល់ការគិតគូរពិចារណានិងកែលម្អនូវចំណុចខ្វះខាតរបស់អង្គភាពរាងៗខ្លួន ដើម្បីឈានទៅលើកកម្ពស់សមត្ថភាព នៃការផ្តល់សេវាជូនសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ ឱ្យកាន់តែមានគុណភាព ទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយការអនុវត្តកំណែទម្រង់ទទួលបានប្រសិទ្ធភាពនិងជោគជ័យ
នៅក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយស្តីពីលទ្ធផលការងារ និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System)នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយឱ្យការអនុវត្តកំណែទម្រង់ទទួលបានជោកជ័យ និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានដាក់ចេញនូវអនុសាសន៍ចំនួន ៥ ចំណុច ៖
ទី ១ – ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃអង្គប្រជុំនិងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាដែលនឹងក្លាយជាប្រទីបដ៏មានតម្លៃជាយុទ្ធសាស្រ្តក្នុងការយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។
ទី ២ – យើងក៏សូមគាំទ្រយ៉ាងពេញលេញចំពោះរាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកម្មវិធីកែទម្រង់ចំនួន ៥ រួមមាន៖ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់តាមបែបវិមជ្ឈការនិងវិសហមជ្ឈការ, កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌, និងកម្មវិធីកែទម្រង់ច្បាប់។
ទី ៣ – ដោយឡែកសម្រាប់រដ្ឋសភា យើងត្រូវបន្តធ្វើការរួមគ្នា ប្រកបដោយឆន្ទៈមុតស្រួច និងមានសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ មានគុណធម៌ ស្របតាមអភិក្រមទាំង ៥ (5R) របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលរួមមាន៖ ទី ១. ការថែរក្សាមន្ត្រី (Retain), ទី ២. បណ្តុះបណ្តាលនិងថែរក្សាមន្ត្រី (Retrain and Retain),ទី ៣. ពង្រាយមន្ត្រីឡើងវិញ (Reassign), ទី ៤. កាត់បន្ថយមន្ត្រី (Retrench), និង ទី ៥. ជ្រើសរើសមន្ត្រីថ្មី (Recruit)។
ទី ៤ – គណៈកម្មការជំនាញនីមួយៗរបស់រដ្ឋសភា ត្រូវបន្តធ្វើការតាមដាន និងធានាឲ្យបាននូវតម្លាភាព គណនេយ្យភាព ដើម្បីបន្តការងារកែទម្រង់ទាំងបីខាងលើ ដូចដែលកម្មវិធីផ្សព្វផ្សាយរបស់រដ្ឋសភាយើងរយៈពេល ១ ថ្ងៃនេះ បានលើកឡើង ឱ្យបានទទួលជោគជ័យគ្រប់ដំណាក់កាល។
ទី ៥ – យើងត្រូវតែពន្លឿនកិច្ចការប្រព័ន្ធសភាអេឡិចត្រូនិក ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកនីតិប្បញ្ញត្តិ និងតម្លាភាពសាធាណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕
អត្ថបទ៖ ប៊ី