កម្ពុជាស្រូបទាញទុនវិនិយោគជិត ៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ

កម្ពុជាបានស្រូបទាញទុនវិនិយោគសរុបប្រមាណជិត ៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៥ នេះ កើនឡើងប្រមាណ ៤៧ ភាគរយ ធៀបនឹងរយៈពេលលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះ។

របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក.) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១ គម្រោង ស្មើនឹងប្រមាណ ៧៣ ភាគរយ ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែល គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៩ ខែ គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ ២០២៤ រហូតដល់ទៅ ១៣២ គម្រោង។

ដោយឡែក ក្នុងខែកញ្ញា ឆ្នាំ២០២៥ គ.វ.ក. បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៧ ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨ គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧ គម្រោង៕

អត្ថបទ៖ ប៊ី