កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍បានបញ្ជាក់ថា ៖«ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគ ខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ គម្រោងដឹកជញ្ជូន ផ្លូវដែកសរុបមានចំនួន ៨ គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០ លានដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤ គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែងចំនួន ៤ គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាមេរិក»។


គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោង លើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។
ដោយឡែក គម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្ត សៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ព្រមទាំងទទួលបានលទ្ធផល ជាទីគាប់ចិត្ត។
ឯកឧត្តម បានថ្លែងបន្តថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការមេគ្រប់ជ្រុងជ្រោយ បានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែងគឺ៖ “បន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្លឹក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការ សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន”៕
អត្ថបទ៖ ប៊ី