ថៅកែនំស្រួយ លីលី ផ្ដល់ជំនួយសំខាន់១នេះបន្ថែមទៀត ដល់​វីរ​កងទ័ពខ្មែរ

ក្រុមហ៊ុន លីលី ផលិតនំស្រួយ ដែល​គ្រប់គ្រង​ដោយ​សេដ្ឋិនី កែវ មុំ បាន​នឹង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក បន្ទាប់ពី​សន្ទុះ​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើ និង​ទទួល​ទាន​របស់​ក្នុង​ស្រុក។

តាមដានជាមួយយើង៖ Million Times

សម្រាប់​សេដ្ឋិនី កែវ មុំ ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ខ្លាំង ក៏​បន្ត​ជួយ​ឧបត្ថម្ភ​សម្ភារៈ​ផ្សេង​ៗ​ទៅ​ដល់​​វីរ​កងទ័ព​ខ្មែរ​នៅ​តាម​ព្រំដែន​ឥត​ឈប់ឈរ​ដូចគ្នា។ ថ្មី​ៗ​នេះ​ថៅកែ​នំ​ស្រួយ លីលី បាន​ផ្ញើ​ជំនួយ​ជា​ធុង​ចម្រោះ​ទឹក​ស្អាត តាម​រយៈ​អ្នក​សារព័ត៌មាន​ម្នាក់ កំពុង​ប្រចាំការ​នៅ​ជួរ​មុខ។

បើ​តាម​ស្ដាប់​សម្ដី​ទាហាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា កន្លង​មក​សេដ្ឋិនី កែវ មុំ បាន​ជួយ​ជា​ជំនួយ​ច្រើន​មាន​ទាំង​ថវិកា, ម្ហូប​អាហារ, គ្រឿង​សំណង់​ធ្វើ​លេណដ្ឋាន ហើយ​ឥឡូវ​បច្ចុប្បន្ន​ថៅកែ​នំ​ស្រួយ លីលី បាន​ជួយ​ធុង​ចម្រោះ​ទឹក​ស្អាត ២ ដង មាន​ចំនួន ៥០ ធុង។ សារ​សំខាន់​របស់​ធុង​ទឹក​ស្អាត​នេះ​ទាំង​កាត់​បន្ថយ​ការ​ចំណាយ និង​ជួយ​បង្ការ​មេរោគ​ផ្សេង​ៗ​តាម​រយៈ​ការ​បរិភោគ​ទឹក។

ការ​យក​ចិត្ត​ទុកដាក់​គិតគូរ​ពី​សុខទុក្ខ ក៏​ដូចជា​សុខភាព​កងទ័ព​កំពុង​ជើង​ឈរ​នៅ​តាម​ព្រំដែន ធ្វើឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​ពី​សមានចិត្ត​របស់​ថៅកែ​នំ​ស្រួយ លីលី។ ក្រៅពី​ជំនួយ​ដល់​កងទ័ព​ខ្មែរ​ហើយ​នោះ ថៅកែ​នំ​ដ៏​ល្បី​ប្រចាំ​ប្រទេស ក៏​ជា​មនុស្ស​ចិត្ត​បុណ្យ ដោយ​ជា​រឿយៗ​តែង​ឃើញ​ម្ចាស់​ក្រុមហ៊ុន Ly Ly Food Industry Co., Ltd ធ្វើ​បុណ្យ និង​ធ្វើ​ទាន​ផ្សេង​ៗ។

ពិសេស​​សេដ្ឋិនី កែវ មុំ ជា​ពុទ្ធបរិស័ទ និង​តែង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ទី​អារាម​ជាច្រើន៕

អត្ថបទ៖ ឆដា, រូបភាព៖ Oknha Keo Mom