ប្រជាពលរដ្ឋជាច្រើននាពេលបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាការទុកដាក់ប្រាក់កាក់ ដោយអ្នកខ្លះលើកឡើងថា ការរកប្រាក់ចំណូលមិនមែនជារឿងងាយស្រួលឡើយ ហើយអ្វីដែលកាន់តែពិបាកថែមមួយកម្រិតទៀត គឺការចាត់ចែងប្រាក់រកបាន ឲ្យសល់ និងទុកសម្រាប់ចាត់ចែងប្រចាំថ្ងៃ។


អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញផ្នែកអចលនទ្រព្យប្រចាំប្រទេសកម្ពុជា បានផ្ដល់ដំបូន្មានខ្លះពីការទុកដាក់ប្រាក់កាក់ឲ្យមានប្រសិទ្ធភាព បានទាំងចាយវាយគ្រប់ និងសល់អាចសន្សំទុកប្រើប្រាស់នៅពេលក្រោយ។

ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group លើកឡើងថា ដើម្បីសល់ប្រាក់ គឺត្រូវចេះបែងចែកការចំណាយផ្សេងៗ។ ប្រាក់ដែលនៅសល់សម្រាប់វិនិយោគ កើតចេញពីប្រាក់ដែលយើងសន្សំ។ ម្ចាស់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» បានលើកឡើងជាឧទាហរណ៍ងាយៗយល់៖
- បើយើងមានប្រាក់ចំណូល ៧០០ ដុល្លារ គួរចាយតែ ៤០០ ដុល្លារក្នុងមួយខែ ដោយរក្សាទុក ៣០០ ដុល្លារជាប្រាក់សន្សំ និងវិនិយោគនៅថ្ងៃអនាគត។
- បើយើងមានប្រាក់ចំណេញ ៦ ៥០០ ដុល្លារក្នុងមួយខែ គួរចាយ ១ ៥០០ ដុល្លារ ក្នុងមួយខែបានហើយ រក្សាទុក ៥ ០០០ ដុល្លារសម្រាប់វិនិយោគ ឬទិញផ្ទះ ឬដីធ្លីបានជាទ្រព្យ។
- បើមួយខែយើងអាចទុក ឬសន្សំ ៥ ០០០ ដុល្លារ នោះរយៈពេល ៥ ឆ្នាំ យើងអាចបានផ្ទះ១ ឬដី១ កន្លែង ស្មើនឹងតម្លៃ ៣០០ ០០០ ដុល្លារ ឬមានន័យថា បើរយៈពេល ៥ ឆ្នាំអ្នកសល់ ផ្ទះ១ ខ្នង តម្លៃ ៣០០ ០០០ ដុល្លារ នោះមានន័យថា អ្នកបានសល់លុយ ៥ ០០០ ដុល្លារក្នុងមួយខែ។

អ្នកឧកញ៉ា សំ សុខនឿន បន្តថាឧទាហរណ៍ខាងលើ បញ្ជាក់ឲ្យឃើញថា បើអ្នកភ្លេចខ្លួនចាយខ្ជះខ្ជាយលុយកាក់ នោះអ្នកនឹងគ្មានសល់អ្វីរយៈពេល ៥ ឆ្នាំ។ ការគ្រប់គ្រងផ្លូវចិត្តនៃការចាយលុយ ពិតជាចាំបាច់ណាស់ សម្រាប់មនុស្សគ្រប់រូប មិនថាចំណូលរបស់យើងរកបានប៉ុន្មានទេ តែត្រូវចំណាយ ឲ្យតិចជាងចំណូល៕


អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ