ឧកញ៉ា ឌិន សុមេធារិទ្ធ សហស្ថាបនិក និងជានាយកប្រតិបត្តិនៅ The Frangipani Hotel Group បានធ្វើដំណើរអមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ក្នុងកម្មវិធី ទិវាទេសចរណ៍ពិភពលោក នាទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។


សហស្ថាបនិក និងជានាយកប្រតិបត្តិនៅ The Frangipani Hotel Group ឧកញ៉ា ឌិន សុមេធារិទ្ធ ក៏ជា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាផងដែរ។ នាឱកាសចេញទៅចូលរួមWorld Tourism Day 2025 ឧកញ៉ា សុមេធារិទ្ធ និងគណៈប្រតិភូកម្ពុជាជាច្រើនរូបបានជួបពិភាក្សាតូចមួយ ជាមួយកំពូលតារាសម្ដែងចិន Fan Bingbing នៅទីនោះផងដែរ។
Fan Bingbing បេសកជនទេសចរណ៍របស់ទីក្រុងម៉ាឡាកា ហើយក្នុងជំនួបក្រៅផ្លូវការរវាងថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា និងកំពូលតារាចិនមានគម្រោង និងសម្រេចបានផ្លែផ្កាយ៉ាងណានោះ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា មិនបានបញ្ជាក់ឡើយ។

មិនត្រឹមតែជួបពិភាក្សាគ្នាធម្មតាឡើយ ឧកញ៉ា ឌិន សុមេធារិទ្ធ ក៏ឆ្លៀតប្រម៉ូតប្រាប់ Fan Bingbing ពីព្រលានយន្តហោះថ្មី ដែលកម្ពុជាទើបដំណើរការនៅក្នុងខែនេះ។ នាយកប្រតិបត្តិនៅ The Frangipani Hotel Group បានបង្ហោះវីដេអូជាមួយតារាចិន ហើយក៏ជាអ្នកជំនួញគ្រឿងថែរក្សាសម្រស់ដ៏ល្បីរបស់ចិន ភ្ជាប់នឹងសំណេរថា «អួតពីព្រលានយន្តហោះអន្តរជាតិតេជោ ដល់តារាចិនដ៏ល្បីល្បាញ Fan Bing Bing ដើម្បីឲ្យគាត់មកលេងស្រុកខ្មែរ និងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រោះគាត់មាន followers ជាងមួយពាន់លាននាក់»។



គណៈប្រតិភូកម្ពុជាដែលជាបុគ្គលសំខាន់ៗមានដូចជាលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ,លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសុទ្ធតែបានជួប និងថតរូបជាមួយ Fan Bingbing៕
អត្ថបទ៖ ឆដា, រូបភាព៖ Sivlin Chhay, Somethearith Din, Thourn Sinan