លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឱ្យដឹងថា ម៉ាឡេស៊ីកំពុងតាមដានមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយប្រើប្រាស់ផ្កាយរណប។ ជាការបញ្ជាក់នៅចំពោះមុខសមាជិកសភាម៉ាឡេស៊ី នាថ្ងៃទី៥ ខែសីហានេះ។
លោក Anwar បានថ្លែងថា ម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបែបនេះ នៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ យ៉ាងណា លោកបានអះអាងថា ស្ថានការណ៍កម្ពុជា-ថៃ នៅពេលនេះ គឺនៅអាចគ្រប់គ្រងបាន បើទោះបីជាមានភាពតានតឹងក៏ដោយ។


លោកថ្លែងថា៖ “ចំពោះបញ្ហាថា តើចាំបាច់ត្រូវដាក់កងទ័ពនៅសមរភូមិ ដើម្បីតាមដានបទឈប់បាញ់ឬយ៉ាងណានោះ វានឹងត្រូវសម្រេចនៅពេលក្រោយ…វាមិនមែនជារឿងងាយស្រួលទេ នៅពេលដែលមានការកាប់សម្លាប់ និងការបាញ់ប្រហារបានកើតឡើង វាត្រូវការពេលវេលាដើម្បីបញ្ចុះកម្តៅ និងធ្វើឱ្យភាពតានតឹងបានធូរស្រាល”។
លោកបន្តថា “រហូតមកដល់ពេលនេះ យើងមានការត្រួតពិនិត្យតាមផ្កាយរណប ហើយភាគីទាំងពីរបានយល់ព្រមថា អនុព័ន្ធយោធារបស់ម៉ាឡេស៊ី រួមជាមួយសមភាគីអាស៊ាន នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយ”៕