សម្តេច ហ៊ុន សែន បដិសេធការចេញផ្សាយរបស់កាសែតថៃ ដែលចោទថា បំពានរដ្ឋធម្មនុញ្ញ និងបញ្ជាក់ពីសិទ្ធិចូលរួមកិច្ចការកងទ័ព

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី៤ ខែសីហានេះបានឆ្លើយតបចំពោះការចេញផ្សាយរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងមតិរបស់មនុស្សខ្លះនៅបាងកក ដែលអះអាងថា សម្តេចបំពានរដ្ឋធម្មនុញ្ញកម្ពុជា ដោយសារចូលរួមបញ្ជាកងទ័ព។

តាមដានជាមួយយើង៖ Million Times

សម្តេចបានបញ្ជាក់ច្បាស់ៗថា ទោះបីជាមិនមែនជាថ្នាក់ដឹកនាំប្រទេស ក៏ជាពលរដ្ឋកម្ពុជាម្នាក់ ក៏មានសិទ្ធិការពារជាតិ និងវាយតបចំពោះអ្នកឈ្លានពានដែរ។ សម្រាប់ការចូលរួមកិច្ចការកងទ័ព គឺមានមូលដ្ឋានច្បាស់លាស់តាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលផ្តល់ភារកិច្ចជូនសម្តេចតេជោក្នុងការជួយព្រះមហាក្សត្រលើកិច្ចការប្រទេសជាតិ រួមទាំងកិច្ចការកងទ័ពផងដែរ។

សម្តេចបានលើកឡើងថា សម្តេចជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយមិនធ្លាប់បំពានលើភារកិច្ចរបស់នាយករដ្ឋមន្ត្រីឡើយ។ ជាមួយបទពិសោធន៍ជាង ៣៨ ឆ្នាំក្នុងតំណែងនាយករដ្ឋមន្ត្រី សម្តេចតេជោបញ្ជាក់ថា នៅកម្ពុជា មិនមានការប្រជែងអំណាចរវាងរដ្ឋាភិបាល និងកងទ័ពទេ។

សម្តេចសូមឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់សម្តេចក្នុងការចូលរួមជួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ និងថែរក្សាសន្តិភាពប្រទេសជាតិ៕