មហាសេដ្ឋី និងអ្នកជំនាញខ្មែរច្រើនរូប ចែករំលែកបទពិសោធន៍ជំនួញក្នុង”វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥”

នៅរសៀលថ្ងៃពុធ ទី២ ខែកក្កដា សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ក្នុងគោលបំណងជំរុញលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាសម្រាប់ធុរជន និងអ្នកចូលរួមចែករម្លែកបទពិសោធន៍ ឈ្វេងយល់ពីនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទំនើប ដែលអាចអនុវត្តបាន សម្រាប់ផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន តាមរយៈការស្តាប់នូវ បទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទាន របស់វាគ្មិនល្បីៗ ដែលអញ្ជើញមកពីវិស័យនានា ក្រោមប្រធានបទ “តួនាទីអ្នកដឹកនាំ ក្នុងការជំរុញនវានុវត្តភាព និងផ្លាស់ប្តូរការធ្វើធុរកិច្ច”។

តាមដានជាមួយយើង៖ Million Times

ពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នេះ បានប្រព្រឹត្តទៅក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគ ណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា វេទិកានេះ ផ្តល់ឱ្យ អ្នកចូលរួមទាំងអស់ បានឈ្វេងយល់បទពិសោធន៍ កត្តាប្រឈម និងភាពជោគជ័យនៃការធ្វើធុរកិច្ចក្នុង វិស័យកសិកម្ម ក្រោមប្រធានបទ “ការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប” ដែលជាបទបាឋកថាចែករំលែកដោយវាគ្មិនកិត្តិយស គឺអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលមានបទពិសោធន៍ យូរឆ្នាំ និងធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់ដំណាក់កាល ពីការចាប់ផ្តើមអាជីវកម្មដំបូង រហូតទទួល បានជោគជ័យគួរជាទីមោទកនាពេលនេះ។

ថ្លែងក្នុងពិធីបើកវេទិកា អ្នកឧកញ៉ា គិត ម៉េង បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន វិនិយោគិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងអ្នកចូលរួមទាំងអស់ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

អ្នកឧកញ៉ាបានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បញ្ចេញមតិយោបល់ផ្លាស់ប្តូរបទពិសោធន៍ជាមួយវាគ្មិនក្នុងអំឡុងពេលពិភាក្សា ដើម្បីភាពជោគជ័យលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាសង្ឃឹមយ៉ាងមុតមាំថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នឹងដំណើរការទៅដោយរលូន ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។

សូមបញ្ជាក់ថា វេទិកានេះ បានផ្តោតលើប្រធានបទ “ការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប” ដែលធ្វើបាឋកថាដោយវាគ្មិនកិត្តិយសគឺ អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងកិច្ចពិភាក្សាដោះស្រាយបញ្ហាប្រឈមនានារបស់វាគ្មិន និងអ្នកសម្របសម្រួលកម្មវិធីមកពីវិស័យសាធារណៈ និងឯកជន លើប្រធានបទស្តីពី “តួនាទីអ្នកដឹកនាំ ក្នុងការជំរុញនវានុវត្តភាព និងផ្លាស់ប្តូរការធ្វើធុរកិច្ច” គឺជាកូនសោ បើកទ្វារឆ្ពោះទៅយុគសម័យថ្មីមួយនៃការធ្វើជំនួញតាមបែបទំនើប មានភាពច្នៃប្រឌិត នវានុវត្តន៍ និងប្រកបដោយឧត្តរមានុវត្តភាព៕