Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក មានគម្រោងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។ ការបង្ហាញចំណាប់អាម្មរណ៍របស់ Marubeni ធ្វើឡើងក្នុងជំនួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែកក្កដានេះ។


ក្នុងជំនួបនោះ គណៈប្រតិភូសាជីវកម្ម Marubeni បានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) ការសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។
តំណាងក្រុមហ៊ុន Marubeni ប្រាប់រដ្ឋមន្រ្តីឧស្សាហកម្មកម្ពុជាថា ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។
ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងថា រាជរដ្ឋាភិបាលបើកចំហចំពោះការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច។ លោកថ្លែងថា៖ “ការវិនិយោគក្នុងវិស័យទឹកស្អាត ទោះបីមិនផ្តល់ប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស គឺជាការវិនិយោគមួយដែលមានសុវត្ថិភាព ហើយសេវាសាធារណៈនេះមានសារៈសំខាន់ខ្លាំងសម្រាប់សង្គមជាតិ”។
លោកបន្ថែមថា តំបន់ជនបទនាពេលបច្ចុប្បន្នអាចនឹងមិនមែនជាតំបន់ជនបទរហូតទេ។ យើងរំពឹងថានឹងតភ្ជាប់បណ្តាញទឹកស្អាតកម្រិតគ្រួសារកាន់តែច្រើន ហើយយើងមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការពង្រីកតួនាទីរបស់រដ្ឋាករទឹក បន្ថែមពីការគ្របដណ្តប់តែនៅតំបន់ទីក្រុង។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុន Marubeni ឱ្យធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត ទន្ទឹមនឹងនោះ ស្វែងរកគំរូអាជីវកម្មដែលមានភាពបត់បែន រួមទាំងការលក់ដុំទឹកឱ្យរដ្ឋាករទឹក ដោយក្រុមហ៊ុនអាចវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។
សូមជម្រាបថា Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។ នៅក្នុងវិស័យផ្គត់ផ្គង់ទឹក Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕