ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

នៅថ្ងៃទី១ ខែកក្កដាម្សិលមិញ ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយបើកច្រកទ្វារចាប់ពីម៉ោង ៨:០០នាទីព្រឹក (បើកទ្វារច្រកចំហ) និងបិទច្រកទ្វារទៅវិញនៅម៉ោង ៤.០០នាទីរសៀល ប៉ុន្តែមិនឱ្យដំណើរការ ធម្មតានោះទេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង។

តាមដានជាមួយយើង៖ Million Times

លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្ពុជាយើង មិនលេងល្បែងបិទពួនជាមួយថៃទេ គឺច្រកទ្វារព្រំដែនយើងបិទជាប់រហូត លើកលែងតែបងប្អូនប្រជាពលរដ្ឋ បងប្អូនពលករខ្មែរយើងចូលមកកម្ពុជាយើងវិញ និងបងប្អូនប្រជាពលរដ្ឋដែលមានជំងឺឈឺធ្ងន់ ឫ អ្នកជំងឺសង្គ្រោះបន្ទាន់ ចេញទៅប្រទេសថៃ។

កាលពីថ្ងៃអាទិត្យទី២៩ខែមិថុនា កងទ័ពនៅទិសបូព៌ាប្រទេសថៃ បានបញ្ជូនលិខិតមួយមករដ្ឋាភិបាលកម្ពុជា ស្នើសុំបើកច្រកទ្វារព្រំដែនមួយចំនួននៅជាប់ខេត្តស្រះកែវ តែនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបដិសេធមិនធ្វើតាមសំណើនោះទេ។ សម្តេចបានប្រាប់ទៅអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ គឺពួកគេត្រូវស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ ពោលគឺមិនថាជាកងទ័ពឬអ្នកណានោះទេ ឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥។ នេះមានន័យថា អ្នកណាផ្តើមបញ្ហាមុន អ្នកនោះត្រូវដោះស្រាយ ហើយបើថៃព្រមបើកព្រំដែនវិញ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងតាមក្រោយវិញដែរ។

ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃនេះ កាសែត Bangkok Post ចុះផ្សាយដកស្រង់សម្តី លោកស្រី អារ៉ាដា ហ្វួងតង (Arada Fuangtong) អគ្គនាយកនាយកដ្ឋាន ពាណិជ្ជកម្មបរទេស បាននិយាយថា​ ប្រសិនព្រំដែននៅបន្តបិទពីខែមិថុនានេះ ដល់ខែធ្នូ ការខាតបង់ដែលត្រូវបានប៉ាន់ស្មានទុកក្នុងប្រាក់ចំណូលនៃការនាំចេញនឹងអាច​លើសពី៦០ពាន់លានបាត។ ជាលទ្ធផលដែលបានមកពីផលវិបាកនៃការបិទព្រំដែននេះ គឺពាណិជ្ជកម្មថៃតាមទល់ដែនឆ្នាំនេះ ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងត្រឹមតែ ១ទៅ២ភាគរយ ប៉ុណ្ណោះ។

បើតាមការផ្សាយរបស់ Bangkok Post ការិយាល័យពាណិជ្ជកម្មរបស់ថៃតាមខេត្តនៅបណ្តោយព្រំដែនខ្មែរ ថៃ បានរកឃើញថា ហាងខ្មែរ និងថៃ ជាច្រើនត្រូវបានបិទ ចាប់តាំងពីមានវិធានការគ្រប់គ្រងព្រំដែននានាដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី ៧ ខែមិថុនា។ ផ្នែកនាំចេញដែលរងផលប៉ះពាល់អាក្រក់បំផុតគឺ បន្លែ ផ្លែឈើ និងអាហារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕