មេដឹកនាំអាមេរិក Donald Trump បានប្រកាសពីអាជីវកម្មថ្មីរបស់ខ្លួន គឺការផលិតទឹកអប់ដែលមានឈ្មោះថា Victory 45-47 ដែលលោកអះអាងថា គឺជាក្លិនប្រធានាធិបតីអាមេរិក ដ្បិតលោកប្រើប្រាស់ទឹកអប់នេះជារៀងរាល់ថ្ងៃ។


សារព័ត៌មាន EconomicTimes បានចុះផ្សាយថា លោក Trump បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថា ទឹកអប់ថ្មីរបស់លោកគឺមានតម្លៃ ២៤៩ដុល្លារក្នុងមួយដប ដែលអាចប្រើប្រាស់បានទាំងបុរស និងស្ត្រី។
ទឹកអប់ Victory 45-47 គឺមានក្លិនប្រធានាធិបតីអាមេរិក ដែលបង្ហាញពីសក្ដានុពលដ៏អស្ចារ្យ ភាពជោគជ័យ កម្លាំងដ៏ខ្លាំងក្លា និងជ័យជម្នះ។ ចំពោះការដាក់ឈ្មោះទឹកអប់នេះ គឺបញ្ជាក់ពីជ័យជម្នះរបស់លោក Trump ក្នុងការក្លាយជាប្រធានាធិបតីចំនួន ២លើក គឺក្នុងអាណត្តិទី៤៥ និង៤៧។
បើទោះជាលោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀត ប៉ុន្តែគំនិតអាជីវកម្មរបស់លោក តែងតែមានថ្មីៗជារឿយៗ តួយ៉ាងក្រៅពីអាជីវកម្មលក់ទឹកអប់នេះ គ្រួសារត្រកូល Trump ក៏ទើបតែបង្កើតក្រុមហ៊ុន World Liberty Financial ដែលរកស៊ីនៅក្នុងវិស័យកាក់ឌីជីថលផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ Newsweek