មិនឡើងតុលាការ ICJ៖ នាយករដ្ឋមន្រ្តីថៃ អួតប្រាប់ប្រធានាធិបតីបារាំងថា ចង់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយការចរចាទ្វេភាគី

នៅថ្ងៃសុក្រ ទី២៧ ខែមិថុនាម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី។

តាមដានជាមួយយើង៖ Million Times

កាសែត The Nation ដកស្រង់សម្តីអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ លោក Jirayu Huangsab បានឲ្យដឹងថា លោកស្រី Paetongtarn បានប្រាប់លោក Macron ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយរំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី មានចេតនាស្មោះត្រង់ឈរលើទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាង ឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។ 

លោកស្រីជឿជាក់ថា ការចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

លោកស្រីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ដែលទើបនឹងបើកកិច្ចប្រជុំនៅភ្នំពេញ ហើយសង្ឃឹមថា ប្រទេសបារាំង ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគីរវាងថៃ និងកម្ពុជា។ 

ជាការឆ្លើយតប ប្រធានាធិបតី​បារាំងលោក Macron ​បាន​ទទួល​ស្គាល់​បំណង​របស់​ប្រទេស​ថៃ ហើយ​នឹង​ពិចារណា​លើ​ការ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា។

សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២៨មិថុនានេះ គឺមានរយៈពេល ១ខែហើយដែលកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយទាហានថៃចូលទឹកដីខ្មែរ ហើយធ្វើបាញ់ទាហានខ្មែរបណ្តាឲ្យពលីជីវិតម្នាក់នាពេលព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ឧសភានៅតំបន់មុំបី ស្រុកស្រអែម ខេត្តព្រះវិហារ។ ភ្លាមៗ កម្ពុជា-ថៃ បានចល័តទ័ពរៀងៗខ្លួន ទៅតំបន់ជម្លោះ និងតាមបន្ទាត់ព្រំដែន ខណៈកម្ពុជាបានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ រួចមកហើយ ប៉ុន្តែភាគីថៃមិនមានការឆ្លើយតបនៅឡើយក្នុងការឡើងទៅតតាំងក្តីនៅ IJC ដោយថៃធ្លាប់ចាញ់ក្តីកម្ពុជាម្តងរួចមកហើយរឿងប្រាសាទព្រះវិហារ៕