បក្សកាន់អំណាច គាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល យកបញ្ហាកំពុងមានជម្លោះជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ

សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជានៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហាកំពុងមានជម្លោះជាមួយភាគីថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

តាមដានជាមួយយើង៖ Million Times

ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ 


សម្តេចចាត់ទុកព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែល នៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្ដី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀត ក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងប្រទេសទាំងពីរនៅឆ្នាំ ២០០០។ 


ប្រមុខបក្សកាន់អំណាចមានប្រសាសន៍បន្ថែមថា ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ យើងប្ដូរផ្ដាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្ដី។ 


ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ សម្តេចក៏ថ្លែងនូវការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត៕