គណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះតថភាពបច្ចុប្បន្ននៃកម្ពុជា ដែលផ្ទុយស្រឡះពីអ្វីដែលធ្លាប់បានដឹងកន្លងមក។ ការលើកឡើងនេះក្នុងពេលពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ។


លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរំលេចអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកភាពចំហរ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ជាប្រភពនៃថាមពលស្អាតកកើតឡើងវិញ ហើយត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ជាមួយគ្នានេះ លោក Dato’ Sri Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា លើកឡើងថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។
គណៈប្រតិភូធុរជនម៉ាឡេស៊ីបានបង្ហាញនូវអារម្មណ៍កក់ក្តៅចំពោះការឆ្លើយតបរបស់ កម្ពុជាទៅកាន់សំនួរដែលបានលើកឡើង ដោយបានបញ្ជាក់ថា ពិតជាបរិបូរណ៍ដោយព័ត៌មានពិតប្រាកដជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ក៏ដូចជាផ្នត់គំនិតចាស់ៗដែលធ្លាប់មានមកលើកម្ពុជានាពេលកន្លងមក។

សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ ហើយនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាឱកាសនេះ លោក Dato’ Sri Ricky Yaw បានដឹកនាំគណៈប្រតិភូធុរកិច្ចដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ សហគ្រាសធុនតូច និងមធ្យម (SMEs), ម៉ាកយីហោលំដាប់សកលរបស់ម៉ាឡេស៊ី, ការកែច្នៃផលិតផលកសិកម្ម, សង្ហារឹម, សំណង់ និង អចលនទ្រព្យ , អប់រំ, និង សុខាភិបាលជាដើម៕