សប្ដាហ៍ក្រោយនេះ កូរ៉េខាងជើងបានប្រកាសថា នឹងបើកដំណើរការសួនកម្សាន្ត និងសួនទឹកធំបំផុតក្នុងប្រទេស ដែលពួកគេអះអាងថា ជាការបើកទំព័រសករាជថ្មីសម្រាប់វិស័យទេសចរណ៍។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា សួនទឹកនោះមានឈ្មោះថា The Wonsan-Kalma ដែលរួមមានទាំងសណ្ឋាគារធំៗ ដែលអាចទទួលភ្ញៀវបានរហូតដល់ជិត ២០ ០០០នាក់ ហើយក៏មានភោជនីយដ្ឋានដ៏សំបូរបែបថែមទៀត។


មេដឹកនាំកំពូល គីម ជុងអ៊ុន ក៏បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងកម្សាន្តមួយនោះផងដែរ និងបានអះអាងថា នេះគឺជាជំហានដំបូងដែលរដ្ឋាភិបាលរបស់លោក ចាប់ផ្ដើមអនុវត្តផែនការថ្មី សម្លឹងទាញប្រាក់ចំណូលពីវិស័យទេសចរណ៍វិញម្ដង។
គួររំលឹកបន្តិចថា សួនទឹកកម្សាន្ត Wonsan-Kalma គឺជាតំបន់ទេសចរណ៍ធំបំផុតនៅកូរ៉េខាងជើង និងត្រៀមបើកដំណើរការសម្រាប់ភ្ញៀវជាតិពីថ្ងៃអង្គារ សប្ដាហ៍ក្រោយតទៅ ប៉ុន្តែមិនបញ្ជាក់ថា ពេលណាទើបទទួលភ្ញៀវអន្តរជាតិឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ KCNA