ដៃគូជិតស្និទ្ធ និងជាមនុស្សជំនិតរបស់មហាសេដ្ឋី Elon Musk លោក Omead Afshar បានប្រកាសចាកចេញពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ចំពេលក្រុមហ៊ុនកំពុងជួបផលលំបាក។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប៉ុន្មានខែនេះបុគ្គលិកជាន់ខ្ពស់ Tesla ច្រើនរូប បានលាលែងពីតំណែង ចំពេលក្រុមហ៊ុនជួបនូវបញ្ហាជាច្រើនរួមមាន កំណើនគូប្រជែង ការលក់ធ្លាក់ចុះ ជាពិសេសគឺការខាតបង់ប៉ុន្មានត្រីមាសចុងក្រោយ។
ដោយឡែក លោក Afshar វិញបានរួមដំណើរជាមួយក្រុមហ៊ុន Tesla តាំងពីឆ្នាំ២០១៧ និងបានក្លាយជាមនុស្សជំនិតរបស់មេធំ Elon Musk ដោយទទួលការខុសត្រូវលើផ្នែកលក់ និងផលិតរថយន្តនៅតំបន់អឺរ៉ុប និងអាមេរិកខាងកើត។
ប្រភពទុកចិត្តមួយបានទម្លាយប្រាប់ Reuters ថា ផែនការចាកចេញរបស់លោក Afshar គឺមានយូរណាស់ហើយ ប៉ុន្តែលោកបានសម្រេចចិត្តចាកចេញនាពេលនេះ គឺដោយសារមួយរយៈមុន លោក Elon Musk រវល់តែរឿងនយោបាយ មិនខ្វាយខ្វល់ពីអាជីវកម្ម ដែលធ្វើឲ្យក្រុមហ៊ុនធ្លាក់ចុះក្នុងភាពលំបាក ហើយលោកហត់នឿយជាមួយរឿងនេះ ទើបសម្រេចចិត្តលាឈប់តែម្ដង៕
អត្ថបទ៖ Luffy រូបភាព៖ Nu.se