កូនស្រីប្រធានាធិបតីអាមេរិក Donald Trump អ្នកនាង Ivanka Trump រួមទាំងស្វាមីលោក Jared Kushner កំពុងមានគម្រោងបណ្ដាក់ទុន ១,៤ពាន់លានដុល្លារ ប្រែក្លាយអតីតបន្ទាយយោធាសូវៀត ដែលត្រូវបានបោះបង់ចោល ឲ្យក្លាយជារមណីយដ្ឋានទំនើបផុតលេខ។


ទីភ្នាក់ងារព័ត៌មាន New York Times បានចុះផ្សាយថា ស្វាមីភរិយាមួយគូរនេះ បានចំណាយពេលជាច្រើនឆ្នាំ លើផែនការវិនិយោគលើកោះ Sazan ក្នុងប្រទេស Albania ឲ្យក្លាយជាទីកន្លែងកម្សាន្តយ៉ាងទំនើប សម្រាប់ក្រុមអភិជន និងមហាសេដ្ឋី។
គម្រោងអភិវឌ្ឍន៍ដ៏សម្បើមនេះក៏ទទួលបានការអនុម័តរួចស្រេច ពីរដ្ឋាភិបាល Albania ផងដែរ ខណៈបច្ចុប្បន្នកូនស្រីរបស់លោក Trump កំពុងស្វែងរកដៃគូសហការបន្ថែម និងកំពុងគិតគូរពីថ្ងៃចាប់ផ្ដើមសាងសង់គម្រោងនេះ។

ទោះជាយ៉ាងណា ផែនការអភិវឌ្ឍន៍កោះរបស់លោកស្រី Ivanka ទំនងមិនមានភាពងាយស្រួលប៉ុន្មានឡើយ ពោលកោះ Sazan គឺជាអតីតបន្ទាយយោធាសូវៀត ដូច្នេះនៅទីនោះមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ និងត្រូវចំណាយពេល ក៏ដូចជាទឹកប្រាក់យ៉ាងច្រើន ដើម្បីបោសសម្អាតគ្រាប់មីនទាំងនោះ៕
អត្ថបទ៖ Luffy រូបភាព៖ AFP