ការចរចាពន្ធគយកម្ពុជា-អាមេរិកជុំទី៣៖ ឯកភាពគ្នាដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត​ សម្រាប់កិច្ចប្រជុំចរចាជុំបន្ទាប់

កិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាម្សិលមិញ តាមរយៈអនឡាញ កម្ពុជា-អាមេរិកបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត ហើយភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់។

តាមដានជាមួយយើង៖ Million Times

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា​ កិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក​ តាមប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែលបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។

បើតាមអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត​។

កាលថ្ងៃទី២ ខែមេសា ដែលត្រូវនឹងថ្ងៃទី៣ ខែមេសា នៅកម្ពុជានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខា​លើគោលនយោបាយ «ពន្ធគយ» ដ៏ខ្លាំងក្លា ដែលបានដាក់លើប្រមាណ ១៦០ប្រទេស ជុំវិញពិភពលោក។ ក្រោមគោលនយោបាយពន្ធគយនេះ កម្ពុជាបានរងការដាក់ពន្ធធ្ងន់ជាងគេ បើប្រៀបធៀបប្រទេស​ក្នុងតំបន់ ពោលគឺ ៤៩ភាគរយ ខណៈអាមេរិក​យក​ពន្ធនាំចូលពី​​​​ប្រទេសឡាវ ៤៨ភាគរយ ​វៀត​ណាម​៤៦​ភាគ​រយ ភូមា៤៤ភាគរយ ​ប្រទេស​ថៃ៣៦​ភាគ​រយ ឥណ្ឌូនេស៊ី៣២​ភាគរយ។

ការរំកិលពន្ធគយមកលើទំនិញកម្ពុជារហូតដល់៤៩ភាគរយនេះ ដោយលោក Trump បានអះអាងថា ជាការឆ្លើយតបចំពោះកម្ពុជាដែលបានគិតពន្ធលើទំនិញនាំចូល​ពីសហរដ្ឋអាមេរិក ក្នុង​កម្រិត ៩៧%។

យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកម្ពុជា​​ លោក​​​ស្រី ចម និម្មល​ បានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃទី០៣ ខែមេសា ដោយច្រានចោលការចោទថា កម្ពុជាបានយកពន្ធគយលើទំនិញរបស់អាមេរិក៩៧ភាគរយនោះ។ លោកស្រីបានបន្ថែមថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ គឺ​​មាន​ការ​កំណត់​នូវ​បន្ទាត់​ពន្ធ​គយ​ជាមួយ​គ្នា​ជា​រួម ក្នុ​ង​នោះ​កម្ពុជា​បាន​កំណត់​នៅ​ក្នុង​កាតព្វ​កិច្ច​របស់​ខ្លួន តាមរយៈ​ការយកពន្ធនៃ​ផលិតផលនាំ​ចូល​ក្នុង​​ចន្លោះ​​​ពី ០% រហូត​ដល់ខ្ពស់បំផុត​​​ ៣៥%។

ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមាន​ចំនួន ៩ ៩១៦លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកកាន់កម្ពុជា មានតែ ២៦៤លានដុល្លារប៉ុណ្ណោះ៕

អត្ថបទ​៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម