ខេត្តព្រះសីហនុ៖ លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគនិងធុរកិច្ចចំនួន៣៥គម្រោងក្រោមទុនវិនិយោគ៣២៧លានដុល្លារ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើគម្រោងវិនិយោគ និងធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីចំនួន ៣៥គម្រោង ដែលជាគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ២២, គម្រោងថ្មី ចំនួន ១២ និង គម្រោងមានស្រាប់ ចំនួន ១ដែលមានទុនវិនិយោគប្រមាណ ៣២៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង។

តាមដានជាមួយយើង៖ Million Times

បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោងទាំង ៣៥ នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម ។ ផ្អែកតាមតួលេខនេះ, ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង សម្រាប់ឆមាសទី ១ ឆ្នាំ ២០២៥ ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥គម្រោង ។

នៅកិច្ចប្រជុំលើកទី ១៧ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសរំលេចថា តាមរយៈយន្តការ ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និង ការដោះស្រាយបញ្ហាជាកញ្ចប់,ក្រុមការងារ និង រដ្ឋបាលខេត្ត បានរៀបចំវេទិការវាងរដ្ឋ និង វិស័យឯកជន នៅខេត្តព្រះសីហនុ ដើម្បីស្តាប់សំណូម-ពរ និង ដោះស្រាយការលំបាក រួមទាំងការជំរុញ និង ការសម្រួលនានា ដើម្បីផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ។

លោកថ្លែងថា កិច្ចការដែលក្រុមការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្នុងអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលមានសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ។ លោកបន្ថែមថា ស្របពេលដែលប្រទេសកំពុងជួបប្រទះបញ្ហាប្រឈមខាងក្រៅ ក្រុមការងារត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទ្វេដង និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ក្នុងស្មារតីឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយបញ្ហាប្រឈម ទៅជា កាលានុវត្តភាព តាមរយៈការផ្តល់កិច្ចសហការខ្ពស់ និង សម្របសម្រួលផ្តល់សេវាដល់ម្ចាស់គម្រោង ដោយរលូន និងរហ័ស ដូចជា ការផ្តល់លិខិត អនុញ្ញាត អាជ្ញាបណ្ណ និង វិញ្ញាបនបត្រ ជាដើមដើម្បីឱ្យម្ចាស់គម្រោងអាចដំណើរការគម្រោងបាន និង ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និង បង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែមុខមាត់ខេត្តព្រះសីហនុ ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និង បរិយកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ ក្នុងចំនួនច្រើន និងច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។