ប្រធានតុលាការធម្មនុញ្ញថៃបង្ហាញក្ដីបារម្ភ ជុំវិញសេចក្ដីសម្រេចចំពោះសំណុំរឿងបែកធ្លាយឃ្លីបសម្លេងនាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra កំពុងផុងខ្លួនខ្លាំង ជាមួយនឹងការដោះស្រាយតាមផ្លូវច្បាប់ ក្រោយបែកធ្លាយកិច្ចសន្ទនា ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។

រឿងរ៉ាវនេះបានឈានដល់ការប្ដឹងផ្ដល់ ទៅតុលាការធម្មនុញ្ញទាមទារឲ្យមានការស្រាវជ្រាវលម្អិត និងអាចឈានដល់ការដកហូតសិទ្ធអំណាចនាយករដ្ឋមន្ត្រីថៃថែមទៀត។ នេះបើតាមការចុះផ្សាយពីកាសែត The Nation។

តាមដានជាមួយយើង៖ Million Times

ប្រធានតុលាការធម្មនុញ្ញ លោក Nakarin Mektrairat បានឲ្យដឹងថា ញត្តិដែលបានដាក់ដោយប្រធានព្រឹទ្ធសភាថៃ លោក Mongkol Surasajja ទាមទារឲ្យមានការស៊ើបអង្កេត និងជោគវាសនាជានាយករដ្ឋមន្ត្រីរបស់កូនស្រីពៅលោក ថាក់ស៊ីន កំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីតុលាការធម្មនុញ្ញ។

ប្រធានតុលាការរូបនេះអះអាងថា លោកកំពុងមានការព្រួយបារម្ភជុំវិញសេចក្ដីសម្រេច លើសំណុំរឿងនេះ ដ្បិតវាមិនមែនជារឿងតូចតាចឡើយ ពោលបើសិនជាលោកស្រី Paetongtarn បាត់បង់អំណាច វាអាចនឹងបង្កព្យុះភ្លៀង និងភាពវឹកវរខ្លាំងក្នុងឆាកនយោបាយថៃ។

ទោះជាយ៉ាងណា លោក Nakarin បានសង្កត់ធ្ងន់ថា បច្ចុប្បន្នតុលាការកំពុងថ្លឹងថ្លែងថា តើការចាកចេញ ឬក៏បន្តកាន់តំណែងរបស់លោកស្រី Paetongtarn នឹងផ្ដល់ផលប៉ះពាល់អ្វីខ្លាំងដល់ប្រទេសថៃ ខណៈចំពោះសំណុំរឿងធំបែបនេះ តុលាការមិនអាចកំណត់ពេលកាត់ក្ដីបានឡើយ ប៉ុន្តែទំនងចាប់ផ្ដើមបើកសវនាការលើករណីនេះ ពីថ្ងៃទី០១ ខែកក្កដាទៅ៕

អត្ថបទ៖ Luffy រូបភាព៖ The Nation