លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយនៅថ្ងៃអង្គារនេះថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ត្រូវបានរៀបចំរួចរាល់ ហើយបច្ចុប្បន្នរង់ចាំការវាយតម្លៃ និងការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រប៉ុណ្ណោះ។


ថ្លែងប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ កូនស្រីពៅរបស់លោកថាក់ស៊ីនបាននិយាយថា មេបក្សចម្រុះគ្រប់រូប បានដាក់ឈ្មោះបេក្ខភាពរដ្ឋមន្ត្រីតំណាងបក្សរៀងៗខ្លួន ហើយជំហានបន្ទាប់គឺរង់ចាំការវាយតម្លៃលើគុណវុឌ្ឍិនៃបេក្ខភាពនីមួយ។
កូនស្រីពៅលោកថាក់ស៊ីនបាននិយាយថា ដំណើរការត្រួតពិនិត្យគុណវុឌ្ឍិបេក្ខភាពនីមួយៗ មិនទាន់ដឹងថាត្រូវការពេលវេលាយូរប៉ុណ្ណាទេ ប៉ុន្តែលោកស្រីសង្ឃឹមថា នឹងទទួលបានការតែងតាំងពីព្រះមហាក្សត្រនាពេលឆាប់ៗ។
គួរជម្រាបដែរថា គណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបង្ខំចិត្តរុះរើភ្លាមៗ បន្ទាប់ពីគណបក្ស Bhumjaithai ដែលជាសម្ព័ន្ធមិត្តដ៏ធំក្នុងសភា ប្រកាសដកខ្លួនចេញពីបក្សចម្រុះ ក្រោយបែកធ្លាយសារសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយមេដឹកនាំថៃសំណូមពរឲ្យសម្ដេចជួយដោះស្រាយបញ្ហាទំនាស់ព្រំដែន ដែលកំពុងក្ដៅគគុកនាពេលនេះ៕
អត្ថបទ៖ Luffy រូបភាព៖ FMT