ស្ថាបនិកបក្ស United Thai Nation ប្រឆាំងដាច់អហង្ការ ចំពោះការតែងតាំងមេបក្សខ្លួនក្នុងជួរគណៈរដ្ឋមន្ត្រីថ្មី

ស្ថាបនិកគណបក្ស United Thai Nation (UTN) បានឲ្យដឹងថា ការចាត់តាំងលោក Pirapan Salirathavibhaga ដែលជាមេបក្ស UTN ក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលថៃ គឺជារឿងដែលមិនសាកសម ហើយវាក៏អាចប្រឈមមុខច្បាប់ថែមទៀត។

តាមដានជាមួយយើង៖ Million Times
លោក Pirapan Salirathavibhaga

លោក Seksakol Atthawong ស្ថាបនិកគណបក្ស UTN បានដាក់ញត្តិប្រឆាំងនឹងការឡើងកាន់តំណែងថ្មី របស់លោក Pirapan ដែលមានឈ្មោះក្នុងបញ្ជីគណៈរដ្ឋមន្ត្រីថ្មី របស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtharn Shinawatra។ នេះបើតាមការចុះផ្សាយពីកាសែតថៃ BangkokPost។

លោក Seksakol បានអះអាងថា បច្ចុប្បន្នលោក Pirapan កំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល ហើយក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពីគណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ (NACC) ផងដែរ ពាក់ព័ន្ធនឹងករណីរំលោភបំពានសីលធម៌។

លោក Seksakol Atthawong

មិនតែប៉ុណ្ណោះស្ថាបនិកបក្ស UTN រូបនេះថែមទាំងបញ្ជាក់ទៀតថា តាំងពីលោក Pirapan ក្លាយជាមេបក្ស UTN ឧបនាយករដ្ឋមន្ត្រីរូបនេះមិនដែលបានជួយផ្ដល់ផលប្រយោជន៍ជូនបក្សឡើយ ពោលមានតែបង្កបញ្ហា ហើយលោកនឹងបន្តប្ដឹងផ្ដល់ទៅកាន់លោក Pirapan ពាក់ព័ន្ធនឹងករណីយកកេរ្តិ៍ឈ្មោះបក្ស ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងកិបកេងញើសឈាមប្រជាជន៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost