ថ្លែងនៅចំពោះមុខសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជ ស.ស.យ.ក សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា គេអាចធ្វើប្រតិភូកម្មផ្នែកសិទ្ធិ តែមិនអាចប្រតិភូកម្មផ្នែកទទួលខុសត្រូវនោះទេ។ ហេតុនេះ ក្រសួងស្ថាប័នទាំងអស់ ខេត្តទាំងអស់ និងកងទ័ពទាំងអស់ ដរាបណាដឹកនាំអនុវត្តនូវគោលការណ៍ ក្នុងគោលគំនិតរួម ក្នុងដែនអធិបតេយ្យសិទ្ធិ ដែលសម្តេចធិបតីប្រគល់ឲ្យ គឺសម្តេចធិបតី ជាអ្នកទទួលខុសត្រូវ។ រាល់វិធានការ ដែលសម្តេចដាក់ចេញ គឺសម្តេចជាអ្នកទទួលខុសត្រូវ កុំខ្លាចក្នុងការអនុវត្តឲ្យសោះ។


ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា សម្តេចហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «បើខ្ញុំប្រកាសថាបិទព្រំដែន បើមានរឿងអីខ្ញុំទទួលខុសត្រូវ មិនមែនខេត្តទេ។ បើខ្ញុំថា ឈប់ឲ្យនាំចូលប្រេងមក មិនមែនរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវទេ ខ្ញុំអ្នកទទូួលខុសត្រូវ។ អីចឹងកុំខ្លាច។ ជាមេដឹកនាំយើងអាចប្រតិភូកម្មសិទ្ធិ ប៉ុន្តែមិនអាចប្រតិភូកម្មការទទួលខុសត្រូវទេ»។
បើតាមសម្តេច គឺសម្តេចធ្វើការតាមអ្វីដែលប្រជាជនបោះឆ្នោតឲ្យធ្វើតែប៉ុណ្ណោះ ដោយតាមរយៈការដឹកនាំ តម្រង់ទិស និងដោះស្រាយបញ្ហា។ អីចឹង បើការដឹកនាំនេះ ធ្វើឲ្យប្រជាជាតិនៅពីក្រោយ បានន័យថា សម្តេចធ្វើកាតព្វកិច្ចត្រូវហើយ។
សម្តេចបានបន្តថា «កុំបន្ទោសខ្ញុំថា លេងល្បែងជាតិនិយម ដើម្បីប្រជាប្រិយភាពនោះ ខ្ញុំមិនគ្រាន់តែដោះស្រាយ ដឹកនាំជាតិ នៅក្នុងការពារអធិបតេយ្យភាពជាតិ និងឧត្តមប្រយោជន៍ជាតិ តែជាកាតព្វកិច្ចដែលបងប្អូនប្រគល់ឲ្យខ្ញុំ ១៧លាននាក់»។
សម្តេចបានថ្លែងទៀតថា នៅកម្ពុជា ខុសពីថៃ។ កម្ពុជា នាយករដ្ឋមន្ត្រីបញ្ជាបែបណា គឺត្រូវតែអនុវត្តបែបនោះ ខុសពីថៃ នាយករដ្ឋមន្ត្រីនិយាយផ្សេង យោធាធ្វើផ្សេង៕