មហាសេដ្ឋី Bill Gates ច្បាស់ជាជាប់ឈ្មោះជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ពោលច្រើនជាង Elon Musk ប្រហែល ៣ដងឯណោះ បើសិនជាលោកមិនលក់ភាគហ៊ុនតាំងពីដើម ដើម្បីធ្វើកម្មវិធីសប្បុរសធម៌។


ទីភ្នាក់ងារព័ត៌មាន Forbes បានរាយការណ៍ថា បើសិនជាលោក Gates រក្សាទុកភាគហ៊ុនតាំងពីដំបូង ទ្រព្យសម្បត្តិរបស់លោកសព្វថ្ងៃនឹងមានចំនួន ១,២ទ្រីលានដុល្លារ ស្របពេលបច្ចុប្បន្ន Elon Musk ដែលជាកំពូលមហាសេដ្ឋីមានដាច់គេ មានទ្រព្យសម្បត្តិ ៤០៩ពាន់លានដុល្លារ។
គួររំលឹកបន្តិចថា ចាប់តាំងពីបង្កើតក្រុមហ៊ុន Microsoft ក្នុងឆ្នាំ១៩៨៦ មហាសេដ្ឋី Bill Gates មានភាគហ៊ុន ១១,២លានហ៊ុន ឬ ៤៩% នៃក្រុមហ៊ុនទាំងមូល ប៉ុន្តែរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ មហាសេដ្ឋីអាមេរិកតែងតែលក់ភាគហ៊ុនជាញឹកញាប់ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ ក៏ដូចជាប្រគល់ភាគហ៊ុនផ្ទាល់ខ្លួនមួយចំណែក ឲ្យទៅអ្នកស្រី Melinda French Gates ពេលអ្នកទាំង២ ចែកផ្លូវគ្នាផងដែរ។
បច្ចុប្បន្ន មហាសេដ្ឋី Bill Gates ជាម្ចាស់ភាគហ៊ុនប្រហែល ០,៩% នៃក្រុមហ៊ុន Microsoft ទាំងមូលប៉ុណ្ណោះ ដែលគិតជាទឹកប្រាក់ប្រហែល ២៨ពាន់លានដុល្លារ ឬប្រហែល ១ភាគ៤ នៃទំហំទ្រព្យសម្បត្តិសរុប របស់កំពូលមហាសេដ្ឋីចិត្តបុណ្យរូបនេះ៕
អត្ថបទ៖ Luffy រូបភាព៖ CNBC