កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំងទំនើបផុតលេខ B2 Bomber ចំនួន ៧គ្រឿង និងបានទម្លាក់គ្រាប់បែកទៅកាន់រោងចក្រនុយក្លេអ៊ែរ រួមទាំងបន្ទាយយោធាអ៊ីរ៉ង់ចំនួន ៣កន្លែងផងដែរ។


សារព័ត៌មាន AP បានរាយការណ៍ថា បន្ទាប់ពីអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ តម្លៃប្រេងលើទីផ្សារអន្តរជាតិបានឡើងថ្លៃកប់ក្ដោង ពោលប្រេងឆៅឡើងថ្លៃប្រហែល ២,៦% មានតម្លៃ ៧៩ដុល្លារក្នុងមួយបារ៉ែល។
ចំណែកឯស្ថានភាពផ្សារហ៊ុនអាមេរិក បន្ទាប់ពីកើតឡើងនេះ មានការសំយ៉ុងក្បាលចុះជាខ្លាំង ពោលផ្សារហ៊ុន S&P 500 រួមទាំង Dow Jones Industrial Average ធ្លាក់ចុះ ០,៤៥ ខណៈ Nasdaq ធ្លាក់ប្រហែល ០,៥%។ ជារួមមកប៉ុន្មានថ្ងៃនេះ ទីផ្សារហ៊ុនអាមេរិកគឺមានពណ៌ក្រហមសឹងតែទាំងស្រុង។

គួររំលឹកបន្តិចថា អាមេរិកទម្លាក់គ្រាប់បែកទៅកាន់បន្ទាយយោធាអ៊ីរ៉ង់ គឺដើម្បីទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការធ្វើសង្គ្រាម ប៉ុន្តែវាដូចជាយកសាំងទៅចាក់លើភ្លើង ដែលកំពុងឆេះសន្ធោរសន្ធៅ ពោលអ៊ីរ៉ង់ប្រកាសក្ដែងៗថា សង្គ្រាមជាមួយអ៊ីស្រាអែលមិនអាចចប់ស្រួលៗឡើយ ក្រោយអាមេរិកលូកដៃទទឹងទិសបែបនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg