រយៈពេល ៥ខែឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត

នៅក្នុងរយៈពេល ៥ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគចំនួន​ ២៩០គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក។ បើតាមការឲ្យដឹងពីនាយករដ្ឋមន្រ្តីក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី ឆ្នាំ២០២៥ នាល្ងាចថ្ងៃសុក្រ ទី២០ ខែមិថុនានេះ។

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងថា ក្នុងរយៈពេល ៥ ខែ នៃឆ្នាំ ២០២៥នេះ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត ក្នុងទុនវិនិយោគប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥២%។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តថែរក្សា ការពារសន្តិភាព និង ស្ថិរភាពពេញលេញទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនឹងការរក្សាបាននូវសន្តិភាព និង ស្ថិរភាព រាជរដ្ឋាភិបាលបន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

សម្តេចក៏បានថ្លែងលើកទឹកចិត្តខ្ពស់ និងសូមឲ្យអ្នកវិនិយោគជ្រើសរើសកម្ពុជា ដើម្បីធ្វើការវិនិយោគកិច្ចការផ្សេងនៅកម្ពុជា។ សម្តេចបន្ថែមថា លោកអ្នកបានយល់ដឹងពីស្ថេរភាព និងស្ថានភាពនៅកម្ពុជា រាជរដ្ឋាភិបាលប្តេជ្ញាក្នុងការរក្សាលំនឹងដល់អ្នកវិនិយោគបន្តវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គមសម្តេចធិបតី