ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ ហើយបើទោះជាចង់ដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដោយប្រើពេល ១០ឆ្នាំទៀត ១០០ឆ្នាំទៀត ឫ ១០០០ឆ្នាំទៀតក៏ដោយ ក៏មិនអាចដោះស្រាយគ្នាបានដែរ។


ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា បើថៃមានបំណងចង់ដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលជាដោះស្រាយបញ្ហាតាមរយៈយន្តការ JBC កន្លងមកហើយ ប៉ុន្តែថៃបានអាក់ខានជាមួយនឹងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២, ២០១៣មកម្លេះ ទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនក្រោមយន្តការ JBC នៅឆ្នាំ២០២៥ នេះទេ រយៈពេល ១២ឆ្នាំហើយដែលថៃ និងកម្ពុជា អាក់ខានក្នុងការដោះស្រាយបញ្ហាព្រំដែន។
លោកថ្លែងថា៖ «កម្ពុជាចង់បានណាស់នូវព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាទាំង៣ប្រទេស ជាប់ព្រំដែនជាមួយគ្នា, ដល់ពេលយើងរកដំណោះស្រាយមិនបាន ដូចខ្ញុំលើកឡើង ដរាបណាយើងប្រើផែនទីខុសគ្នា យើងមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការដាក់ចំណុចនេះទៅតុលាការយុត្តិធម៍អន្តរជាតិ ដើម្បីឱ្យមានអ្នកទី៣ មកកាត់ក្តី បើសិនជាយើងនៅប្រើផែនទីខុសគ្នា ចង់ ១០ឆ្នាំទៀត ចង់ ១០០ឆ្នាំទៀត ចង់១០០០ឆ្នាំទៀត ក៏យើងមិនអាចដោះស្រាយគ្នាបានដែរ»។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោក ទៀ សីហា បានបញ្ជាក់ថា យន្តការដែលល្អបំផុតគឺជូនដល់តុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីជួយកាត់ក្តី, ការកាត់ក្តីនេះក៏មិនប្រាកដថា កម្ពុជាចំនេញទឹកដី ហើយក៏មិនប្រាកដថា ភាគីថៃចំនេញនោះទេ គឺអាចមានចំនេញ មានខាតដូចគ្នា ដោយយកចំណុចកណ្តាលជាគោល តែយើងបានមកវិញនូវសន្តិភាព និងបានការឯកភាពគ្នា ដែលនេះហើយគឺបានពីការកាត់ក្តីរបស់តុលាការយុត្តិធម៍អន្តរជាតិ។
រឿងព្រំដែននេះ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី៕