ផ្សារហ៊ុនថៃដាំក្បាលចុះដល់ចំណុចអាក្រក់បំផុត ចំពេលស្ថានភាពនយោបាយកំពុងរង្គោះរង្គើ

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ផ្សារហ៊ុនប្រទេសថៃបានធ្លាក់ដល់ចំណុចទាបបំផុត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ពោលតាំងពីខែមីនា ឆ្នាំ២០២០ ចំពេលស្ថានភាពនយោបាយក្នុងស្រុក កំពុងមានភាពជ្រួលច្របល់ ដោយគណបក្សចម្រុះ ដឹកនាំដោយគណបក្ស Pheu Thai កំពុងបែកខ្ញែកគ្នា។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា សន្ទស្សន៍ផ្សារហ៊ុនថៃ បានធ្លាក់ចុះប្រហែល ២,៤% ពេលបើកផ្សារជួញដូរនៅថ្ងៃនេះ ខណៈរយៈពេលជាង ៦ខែកន្លងមក ផ្សារហ៊ុនថៃបានធ្លាក់ចុះប្រហែល ២៣% ជាប់ជាទីផ្សារអាក្រក់បំផុតក្នុងចំណោមផ្សារហ៊ុនទាំងអស់លើពិភពលោក។

ស្ថានការណ៍ផ្សារហ៊ុនថៃបានប្រឈមនឹងបញ្ហាមួយចំនួនតាំងពីចាប់ផ្ដើមឆ្នាំថ្មី ពោលកំណើនសេដ្ឋកិច្ចយឺត ការទារពន្ធគយពីអាមេរិក កត្តាបំណុលប្រជាជន ហើយឥឡូវនេះបញ្ហានយោបាយក្នុងស្រុកទៀត សុទ្ធតែជាបញ្ហាប្រឈមធំៗសម្រាប់ផ្សារហ៊ុនថៃ។

គួរជម្រាបដែរថា រយៈពេលជាង ៦ខែមកនេះ ក្រុមហ៊ុនធំៗទូទាំងពិភពលោក ដែលបានបណ្ដាក់ទុនរកស៊ីនៅលើផ្សារហ៊ុនថៃ ទទួលរងការខាតបង់ប្រហែល ២,៣ពាន់លានដុល្លាររួចហើយ៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg