អាណត្តិដឹកនាំរបស់កូនស្រីថាក់ស៊ីន កំពុងខិតជិតទីបញ្ចប់ ក្រោយមន្ត្រីធំៗដឹកដៃគ្នាលាលែងពីតំណែង

រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ផែថុងថាន ស៊ីណាវ៉ាត្រា កូនស្រីរបស់អតីតមេដឹកនាំ ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងខិតកាន់តែកៀកជិតទីបញ្ចប់ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ជាច្រើន បានសម្រុកដាក់ពាក្យលាលែងពីតំណែង ក្រោយបែកធ្លាយកិច្ចសន្ទនា រវាងលោកស្រីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កូនស្រីពៅរបស់លោកថាក់ស៊ីន កំពុងប្រឈមនឹងការបង្ខំឲ្យចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីថៃកាន់តែខ្លាំង ក្រោយឡើងកាន់អំណាចបានត្រឹមរយៈពេល ១០ខែ។

អំឡុងពេលឡើងកាន់តំណែងនេះ ប្រជាប្រិយភាពរបស់លោកស្រី ផែថុងថាន បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារបញ្ហាសេដ្ឋកិច្ចជួបភាពជាប់គាំង ទំនាស់ព្រំដែនជាមួយកម្ពុជា ជាពិសេសគឺគ្រោះធម្មជាតិដែលកើតឡើងជាញឹកញាប់នៅប្រទេសថៃ។

បច្ចុប្បន្ន លោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងរងសម្ពាធឲ្យមានការចុះចេញពីតំណែងជាបន្ទាន់ ក្រោយគណបក្ស Bhumjaithai បានដកខ្លួនពីគណបក្សចម្រុះ ដឹកនាំដោយគណបក្ស Pheu Thai ដែលធ្វើឲ្យគណបក្សកាន់អំណាច របូតកៅអីនៅសភាអស់ជាច្រើន។

ជាមួយគ្នានោះ បក្សប្រឆាំងបានទាមទារឲ្យមានការរំលាយសភាចោល និងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីតែម្ដង ដោយអះអាងថា ការលាលែងពីតំណែងរបស់លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា មិនមែនជាដំណោះស្រាយត្រឹមត្រូវ និងបញ្ចប់បញ្ហាត្រឹមត្រូវឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ The Strait Times