គណៈកម្មាធិការយោធាថៃ រៀបចំសំណើទៅតុលាការធម្មនុញ្ញ ដើម្បីទម្លាក់តំណែងនាយករដ្ឋមន្ត្រី

គណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការយោធា កំពុងរៀបចំឯកសារដាក់សំណើទៅកាន់តុលាការធម្មនុញ្ញ ដើម្បីស្នើសុំឲ្យមានការទម្លាក់តំណែងនាយករដ្ឋមន្ត្រី ផែថុងថាន ស៊ីណាវ៉ាត្រា និងទាមទារឲ្យលោកស្រីទទួលខុសត្រូវ ចំពោះការបែកធ្លាយកិច្ចសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការចុះផ្សាយពីកាសែតថៃ TheThaiger។

តាមដានជាមួយយើង៖ Million Times

គណៈកម្មាធិការកិច្ចការពិសេសព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំពិសេសដឹកនាំដោយលោក Mongkol Surassajja ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់សម្រាប់ពិចារណា៖ ស្នើសុំឱ្យមានការជជែកដេញដោលជាទូទៅក្នុងព្រឹទ្ធសភា ដើម្បីអនុញ្ញាតឱ្យគណៈរដ្ឋមន្ត្រីបញ្ជាក់ការពិត ឬបំភ្លឺបញ្ហាសំខាន់ៗទាក់ទងនឹងការគ្រប់គ្រងប្រទេស ដោយគ្មានការបោះឆ្នោត ស្របតាមមាត្រា ១៥៣ នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលបានចែងក្នុងឆ្នាំ២០១៧។

គណៈកម្មាធិការកិច្ចការយោធានឹងដាក់សំណើទៅស្ថាប័នឯករាជ្យពាក់ព័ន្ធទាំងអស់ ដូចជា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) តុលាការធម្មនុញ្ញ ឲ្យដកលោកស្រី Paethongtarn ចេញពីតំណែងនាយករដ្ឋមន្ត្រី ព្រោះសំណុំរឿងខ្សែអាត់សំឡេងត្រូវបានចាត់ទុកថា ជាការរំលោភលើផ្នែកជាច្រើននៃរដ្ឋធម្មនុញ្ញ ដូចជាមាត្រា១ ដែលចែងថាប្រទេសថៃជាព្រះរាជាណាចក្រតែមួយ និងមិនអាចបំបែកបាន និងមាត្រា១៦០ ដែលបញ្ជាក់ថា នាងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី។

ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ អំពាវនាវឱ្យនាយករដ្ឋមន្ត្រី ទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់នាង ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនថៃ និងសុំទោសប្រជាជនថៃ និងយោធាថៃជាផ្លូវការ ហើយទាមទារឲ្យនាងពន្យល់ពីហេតុផល នៃជំហរទន់ខ្សោយចំពោះគូប្រជែង និងកែលម្អការអនុវត្តរបស់នាង ឱ្យសមស្របនឹងមុខតំណែងជាអ្នកដឹកនាំប្រទេស។

គួរជម្រាបដែរថា បច្ចុប្បន្នជួរដ្ឋាភិបាលថៃ កំពុងមានភាពច្របូកច្របល់ខ្លាំង ដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា ខណៈសមាជិកសភាថៃ និងមន្ត្រីជាន់ខ្ពស់ជាច្រើន យល់ឃើញថា វាជាការបង្ហាញភាពទន់ខ្សោយរបស់ថ្នាក់ដឹកនាំប្រទេស និងបានដាក់ពាក្យលាលែងពីតំណែងភ្លាមៗកាលពីពាក់កណ្ដាលអធ្រាតថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមិថុនា៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost