សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀល ឲ្យមូលនិធិ សុីធីអិន (CTN) ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលផ្តួចផ្តើមមូលនិធិនេះតាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាពេលថ្មីៗកន្លងទៅ។


លើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី១១ ខែមិថុនានេះ សម្តេច ហ៊ុន សែន បានសរសេរឲ្យដឹងថា មូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។
ជាមួយគ្នានេះ សម្តេចបានអរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់សម្តេច។ សម្តេចបញ្ជាក់ថា នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវ

តុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ។សម្តេច ហ៊ុន សែន សរសេរក្នុងន័យដើមថា «ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។ សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា»៕