មហាសេដ្ឋី Kwek Leng Beng ប្រធានក្រុមហ៊ុន City Development (CDL) បានដាក់លក់ភាគហ៊ុននៅក្នុងអគារការិយាល័យមួយ ក្នុងប្រទេសសិង្ហបុរី ដើម្បីដោះស្រាយបញ្ហាបំណុល និងគៀងគរទំនុកចិត្តពីក្រុមវិនិយោគិនឡើងវិញ។


សារព័ត៌មាន VNExpress ចុះផ្សាយថា CDL បានព្រមព្រៀងលក់សិទ្ធកាន់កាប់អគារ South Beach ដែលមាន ៥០,១% ទៅឲ្យដៃគូរកស៊ី IOI Properties Group ក្នុងតម្លៃជាង ៨៣៤លានដុល្លារសិង្ហបុរី ឬប្រមាណ ៦៤៧លានដុល្លារអាមេរិក។
ក្រោយកិច្ចព្រមព្រៀងមួយនេះបញ្ចប់សព្វគ្រប់ ក្រុមហ៊ុន IOI Properties Group នឹងក្លាយជាម្ចាស់អគារ South Beach ដែលមានតម្លៃប្រហែល ២,១ពាន់លានដុល្លារ តែម្នាក់ឯង។

គួរជម្រាបដែរថា ការប្រកាសលក់ភាគហ៊ុនយ៉ាងតក់ក្រហល់នេះ ត្រូវបានធ្វើឡើងក្រោយផ្ទុះរឿងអាស្រូវ រវាងមហាសេដ្ឋី Leng Beng និងកូនប្រុសបង្កើត ពាក់ព័ន្ធនឹងការដណ្ដើមទ្រព្យសម្បត្តិ ដែលធ្វើឲ្យវិនិយោគិនក្នុងក្រុមហ៊ុន CDL ដកខ្លួនជាច្រើន និងខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ AFP