លោក Chalerm Yoovidhya កំពូលមហាសេដ្ឋីប្រចាំប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull បានផ្ទេរភាគហ៊ុន ២% គិតជាទឹកប្រាក់ប្រហែល ១,១ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុន Fides Trustees នៅទីក្រុងហ្សឺណែវ។


ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា ការផ្ទេរភាគហ៊ុននេះបានកើតឡើងតាំងពីថ្ងៃទី២០ ខែឧសភា ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការផ្ទេរភាគហ៊ុន ដោយគ្មានការប្រកាសដំណឹងមុនបែបនេះឡើយ។
អ្នកនាំពាក្យក្រុមហ៊ុន Red Bull អះអាងថា វាគឺជារឿងសាមញ្ញ ដែលក្រុមហ៊ុនធំៗផ្ទេរភាគហ៊ុនទៅកាន់ក្រុមហ៊ុនបរទេស ដើម្បីធានាបានអំពីភាពជោគជ័យយូរអង្វែងរបស់ក្រុមហ៊ុន។
សូមជម្រាបដែរថា មហាសេដ្ឋី Chalerm Yoovidhya មិនសូវបង្ហាញមុខ ឬមានព័ត៌មានពាក់ព័ន្ធជាសាធារណៈឡើយ សូម្បីតែអាជីវកម្មរបស់លោកក៏រក្សាភាពស្ងប់ស្ងាត់ដូចគ្នា ពោលប្រភពចំណូលធំគឺបានមកពីក្រុមហ៊ុន Red Bull តែមួយមុខគត់៕
អត្ថបទ៖ Luffy រូបភាព៖ AFP