មេធំធនាគារធំបំផុតនៅអាមេរិកអះអាងថា បំណុលក្រុងវ៉ាស៊ីងតោន អាចបង្កចលាចលក្នុងទីផ្សារមូលបត្របំណុល

CEO ធនាគារធំបំផុតនៅអាមេរិក JPMorgan Chase លោក Jamie Dimon បានប្រាប់ទីភ្នាក់ងារព័ត៌មាន Fox Business ថា ការកើនឡើងនៃបំណុលរបស់ទីក្រុងវ៉ាស៊ីងតោន គឺជាបញ្ហាចម្បង ហើយវាអាចបង្កភាពចលាចលដល់ទីផ្សារមូលបត្របំណុលថែមទៀត។

តាមដានជាមួយយើង៖ Million Times

ការព្រមានរបស់លោក Dimon កើតឡើងចំពេលមានក្ដីបារម្ភថា ការចំណាយរបស់រដ្ឋាភិបាលអាមេរិក នឹងមានកំណើនខ្លាំងជាងមុន ក្រោយការចាកចេញរបស់មហាសេដ្ឋី Elon Musk ដែលជាក្បាលម៉ាស៊ីន នៃផែនការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

អគ្គនាយកក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីធំបំផុតនៅអាមេរិករូបនេះអះអាងទៀតថា បើសិនជារដ្ឋាភិបាលបង្កើនការចំណាយកាន់តែច្រើន នោះបំណុលរបស់រដ្ឋក៏កើនដូចគ្នា ហើយអ្នកដែលរងទុក្ខលំបាក គឺប្រជាជន ជាពិសេសគឺម្ចាស់អាជីវកម្មខ្នាតតូច ដែលនឹងមានភាពលំបាក ក្នុងការខ្ចីប្រាក់ដើម្បីបង្វិលការរកស៊ីរបស់ពួកគេ។

គួររំលឹកបន្តិចថា ការផ្លាស់ប្ដូរគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកមួយរយៈចុងក្រោយនេះ បានធ្វើឲ្យស្ថានភាពទីផ្សារមូលបត្របំណុល និងទីផ្សារហ៊ុន មានភាពប្រែប្រួលជាខ្លាំង ពោលក្រុមហ៊ុនកំពូលអាមេរិកជាច្រើន សុទ្ធតែជួបប្រទះការខាតបង់នឹកស្មានមិនដល់៕

អត្ថបទ៖ Luffy រូបភាព៖ Reuters