មហាសេដ្ឋីអាមេរិក Jeff Bezos និងគូដណ្ដឹងអ្នកនាង Lauren Sanchez កំពុងមានដំណឹងល្អៗជាច្រើន អំពីផែនការរៀបមង្គលការរបស់អ្នកទាំង២ ដោយបណ្ដាញសារព័ត៌មានបរទេសជាច្រើនអះអាងថា ពិធីរៀបអាពាហ៍ពិពាហ៍របស់ស្ថាបនិក Amazon នឹងកើតឡើងនៅខែមិថុនានេះ។


គេហទំព័រ VNExpress រាយការណ៍ថា គូស្នេហ៍មនុស្សកំពូលលុយមួយគូនេះ ពេញចិត្តទីក្រុង Venice នៅប្រទេសអ៊ីតាលី ធ្វើជាទីតាំងរៀបមង្គលការ ដោយបានរៀបចំនៅលើកោះ San Giorgio Maggiore ខណៈមហាសេដ្ឋីមានទ្រព្យសម្បត្តិជាង ២២០ពាន់លានដុល្លាររូបនេះ ថែមទាំងបានកក់សណ្ឋាគារទំនើបៗ ៥កន្លែង រួមទាំងជួលទូកតាក់ស៊ីទាំងអស់នៅទីក្រុងមួយនេះ ដើម្បីដឹកភ្ញៀវចូលរួមពិធីមង្គលការ។
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏គគ្រឹងគគ្រែងរបស់លោក Jeff Bezos ត្រូវបានលឺល្ហៀងៗថា នឹងចំណាយប្រាក់អស់ត្រឹម ១០លានដុល្លារប៉ុណ្ណោះ ដែលវាមានចំនួនតិចជាងការរំពឺងទុកពីប្រព័ន្ធផ្សព្វផ្សាយនានា ដែលធ្លាប់អះអាងថា មង្គលការនេះគួរតែចំណាយខ្ទង់រយលានដុល្លារ ដើម្បីឲ្យសាកសមជាមួយកិត្តិយសរបស់លោក Bezos។
មង្គលការរបស់មហាសេដ្ឋីអាមេរិក ត្រូវបានរំពឹងថា នឹងមានវត្តមានភ្ញៀវកំពូលៗជាច្រើន ដែលសុទ្ធសឹងតែជាតារាជួរមុខ អ្នកនយោបាយជាន់ខ្ពស់ រួមទាំងធុរជនមានមុខមានមាត់ មិនក្រោម ២០០នាក់នោះឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo