កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដែលប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះបាននឹងកំពុងប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃចាប់ផ្ដើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៧ ខែឧសភា ក្រោមប្រធានបទ៖ «ការរួមបញ្ចូល និងនិរន្តរភាព»។


ប្រមុខដឹកនាំប្រទេសទាំង ១០ បានចូលរួមលើកលែងតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដោយចាត់ដំណាងចូលរួម ក្នុងក៏មានវត្តមានប្រធានាធិបតីទីម័រឡេស្តេដែលនឹងត្រៀមខ្លួនចូលជាសមាជិកអាស៊ានទី១១។ ជាការកត់សម្គាល់មេដឹកនាំប្រទេសមួយបានដឹកឡានយកទៅជិះចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ នៅកូឡាឡាំពួរ គឺព្រះមហាក្សត្រ ប្រទេសប្រ៊ុយណេ ខណៈមេដឹកនាំអាស៊ានផ្សេងទៀតជិះ BMW ដែលម្ចាស់ផ្ទះផ្តល់ជូន។

លោក ពុយ គា ជាអ្នកអង្កេតរឿងរ៉ាវក្រៅឆាកកិច្ចប្រជុំអាស៊ាន និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងលើបណ្តាញសង្គម Facebook ថា ស្តេច ស៊ុល តង់ របស់ប្រ៊ុយណេ ដឹកឡានចិនយកមកជិះពេលចូលរួមប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រីឯមេដឹកនាំ៩ប្រទេសទៀតជិះឡាន BMW ដែលម្ចាស់ផ្ទះផ្តល់ជូន។ លោកថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺព្រះអង្គជិះឡានចិន (ម៉ាក ហុងជី) តែប្រើឡានអមការពាររបស់អាម៉េរិក (ម៉ាក GMC) ។

ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម ធ្លាប់ជាបុរសមានបំផុតនៅលើពិភពលោក ហើយឥឡូវនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ២៨ពាន់លានដុល្លារ។
យោងតាមក្រុមហ៊ុន GQ India ស្តេចស៊ុលតង់ ជាម្ចាស់រថយន្តដ៏កម្រដ៏ធំបំផុតមួយក្នុងពិភពលោក រួមទាំងរថយន្ត Rolls-Royce ស្រោបមាសដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ទ្រង់ក៏ជាម្ចាស់រថយន្ត Rolls-Royce ៦០០គ្រឿង Ferraris ៤៥០គ្រឿង និង Bentley ៣៨០គ្រឿង ដោយសរុបជាទឹកប្រាក់តម្លៃជាង៥ពាន់លានដុល្លារ។ ក្រៅពី Rolls-Royces ដែលបានរៀបរាប់ខាងលើ ក៏មានរថយន្តដ៏កម្រជាច្រើន ដូចជា Lamborghini Urraco , Ferrari 456 GT Venice និង Porsche 959 ៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចធិបតី និងលោក ពុយ គា