នៅក្នុងគណៈរដ្ឋមន្រ្តីបន្តវេនអាណត្តិទី៧នេះ លោក ស៊ុន ចាន់ថុល នៅតែបន្តក្តោបឱកាសបានកាន់ដំណែងកំពូលក្នុងរាជរដ្ឋាភិបាល ជាមនុស្សដ៏សំខាន់មួយរូបក្នុងជួរគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ បើទោះមានវ័យជ្រារបន្តិចមែន តែសកម្មភាពដឹកនាំ និងធ្វើកំណែទម្រង់របស់លោក ត្រូវបានស្វាគមន៍និងកោតសរសើរពីមហាជន និងអ្នកវិនិយោគតាំងពីកាលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកកាន់ដំណែងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។


អាណត្តិទី៧នេះ លោក ស៊ុន ចាន់ថុល ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឲ្យកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
បើរំលឹកពីកាលមិនទាន់ប្រឡូកក្នុងឆាកនយោបាយ លោក ស៊ុន ចាន់ថុល បានធ្វើការនៅក្រុមហ៊ុន ជេណឹរ៉ល់អឺឡេកទ្រិក (General Electric) អស់រយៈពេល១៦ឆ្នាំ ហើយបានកាន់មុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងមុខងារគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុទាំងនៅសហរដ្ឋអាមេរិក និងនៅអាស៊ី។
លោកឈានជើងប្រឡូកឆាកនយោបាយជាមួយអតីតគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងកាន់ដំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧។ មកស្រុកខ្មែរ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ អេសស៊ីអ៊ិនវេសមិន ខូ.អិលធីឌី (SC Investment Co., Ltd) ដែលជាក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្ម និងបានបម្រើការងារជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រធានរដ្ឋសភាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣។

ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឆ្នាំ២០០៨ ដល់ ២០១៣ ជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយនៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោក ស៊ុន ចាន់ថុល ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នឹងកាន់ដំណែងដល់ឆ្នាំ២០១៦។ កាលនោះលោកជារដ្ឋមន្រ្តីមួុយរូបដែលបានដាក់ចេញនូវការធ្វើកំណែទម្រង់ជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលប្រជាពលរដ្ឋនិងអ្នកវិនិយោគលើកឡើងថា លោក ស៊ុន ចាន់ថុល ដើរទាន់សម័យបច្ចេកវិទ្យាទៅទីណារីកចម្រើនទីនោះ។ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើឲ្យវិស័យសាធារណការមានការរីកចម្រើនយ៉ាងលឿន និងប្រមូលចំណូលរដ្ឋបាច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។
សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា CPP លោក ស៊ុន ចាន់ថុល នៅតែបន្តមានឱកាសដឹកនាំស្ថាប័នសំខាន់ក្នុងគណៈរដ្ឋមន្រ្តី បើទោះលោកមានវ័យច្រើនក៏ដោយ ខណៈដែលមន្រ្តីកាន់ដំណែងអាណត្តិមុនៗភាគច្រើនត្រូវបានផ្លាស់ប្តូរចេញដាក់អ្នកបន្តវេនរបស់ខ្លួន។ បច្ចុប្បន្នលោកជាឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ថ្មីៗនេះ លោកត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ទៅចរចារពន្ធគយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធគយកាលពីដើមខែមេសា ជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

មានចម្ងល់ជាច្រើនបានលើកឡើងថា លោកស៊ុន ចាន់ថុល មានអ្វីពិសេសបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ប្រគល់តួនាទីដ៏សំខាន់នេះឲ្យលោកទៅចរចារផ្ទាល់? បើនិយាយពីសាវតា លោក ស៊ុន ចាន់ថុល បានទទួលការអប់រំខ្ពង់ខ្ពស់នៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានទទួលសញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យ Wharton និងសាកលវិទ្យាល័យ Harvard។ លោកទទួលបានបទពិសោធន៍ទូលំទូលាយក្នុងក្រុមហ៊ុនឯកជន និងបានបម្រើការងារជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Wharton Asia ។ បន្ទាប់មកលោក ត្រូវបានជាប់ឆ្នោតជា” អ្នកដឹកនាំពិភពលោក សម្រាប់ថ្ងៃអនាគត “Global Leader of Tomorrow” នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ១៩៩៥។ ហើយក្រោយមកបានចូលបម្រើការងារក្នុងកម្មវិធី គ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន General Electric ប្រចាំប្រទេសថៃ។ តាមរយៈតួនាទីសំខាន់ៗក្នុងអាជីពលោក ស៊ុន ចាន់ថុល មានបទពិសោធគ្រប់គ្រាន់ក្នុងចរចារពន្ធគយជាមួយអាមេរិក ហើយរំពឹងទុកថា កម្ពុជានឹងទទួលបានលទ្ធផលល្អការពារផលប្រយោជន៍ប្រជាជន៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម