ក្រុមហ៊ុនផលិតរថយន្តចិន BYD បើកទំព័រថ្មីលក់រថយន្តអគ្គិសនីច្រើនជាងរថយន្ត Tesla ជាលើកដំបូងនៅលើទឹកដីអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់ JATO Dynamics ។
ការធ្លាក់ចុះត្រូវបានកត់សម្គាល់ថា ដោយសារក្រុមម៉ូដែលចាស់ និងការលាយឡំជាមួយរឿងប្រឡូកនយោបាយរបស់ CEO គឺមហាសេដ្ឋី Elon Musk ដែលបានប៉ះពាល់ដល់ក្រុមហ៊ុន។


ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបាននិយាយថា BYD ដែលផលិតរថយន្តកូនកាត់ Plug-in Hybrid បានកត់ត្រាលក់រថយន្តអគ្គិសនីដើរដោយថាមពលថ្ម (BEV) ចំនួន ៧,២៣១ នៅអឺរ៉ុបក្នុងខែមេសា ខណៈដែល Tesla បានកត់ត្រាលក់ចំនួន ៧,១៦៥ គ្រឿង។
អ្នកវិភាគរបស់ JATO Dynamics លោក Felipe Munoz បាននិយាយថា តម្រូវការរថយន្តអគ្គិសនីនៅអឺរ៉ុបនៅតែមានស្ថិរភាព។ ការកត់ត្រាលក់រថយន្តអគ្គិសនីដើរដោយថាមពលថ្ម BEV បានកើនឡើង ២៨% នៅក្នុងខែមេសា ធៀបនឹងឆ្នាំមុន ដែលភាគច្រើនម៉ាករថយន្តរបស់ចិន។

ទោះបីជាសហភាពអឺរ៉ុបបានដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនក៏ដោយ ការលក់រថយន្តបានកើនឡើង ៥៩% ក្នុងមួយខែធៀបនឹងឆ្នាំមុន ខណៈដែលក្រុមហ៊ុនផលិតរថយន្តមកពីអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានកត់ត្រាកំណើន ២៦% ប៉ុណ្ណោះ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters