កម្ពុជា លែងពឹងប្រទេសជិតខាងផ្ទេរទំនិញ ឥឡូវដឹកត្រង់ទៅមកចិន

ក្រោយកំពង់ផែអន្តរជាតិព្រះសីហនុ បានកែលំអ នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ដែលរយៈពេលនៃការដឹកជញ្ជូននឹងត្រូវកាត់ខ្លីមកនៅត្រឹម ៧ ទៅ ១០ ថ្ងៃប៉ុណ្ណោះ។ ក្នុងពិធីអបអរសាទរក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ក្រោយកំពង់ផែបានកែលំអ ខណៈពីមុននាវានេះចូលចតនៅប្រទេសដទៃ។

តាមដានជាមួយយើង៖ Million Times

សម្តេចមានប្រសាសន៍ថា៖ «ជាក់ស្ដែងក្រោយពេលដែលយើងធ្វើកាលពីថ្ងៃទី១៨​ ប៉ុន្មានថ្ងៃមុន គឺមានកប៉ាល់មួយដែលចូលរួចមកហើយដែលមកពី ផែហ្វូស៊ី ប្រទេសចិនចូលមកត្រង់នៅកម្ពុជា ដឹកទំនិញមក ពីមុនគឺអត់ចូលបានទេ គឺដឹកចូលទៅលឹមច្បាងដោយចំណាយពេល ៧ទៅ៨ម៉ោងសម្រាប់ផ្ទេរឥវ៉ាន់ដឹកមកយើង»

សម្តេចគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញតាមកំពង់ផែបាន ដឹកត្រង់ពីចិនមកកម្ពុជា និងដឹកត្រង់ពីកម្ពុជាទៅចិន ដោយមិនបាច់ពឹងពាក់ប្រទេសជិតខាង ដើម្បីផ្ទេរទំនិញ។ ការដឹកជញ្ជូនទំនិញដោយផ្ទាល់បានសន្សំសំចៃពេលវេលាបានច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺកាត់បន្ថយការចំណាយបានច្រើនជាងមុន។

ក្នុងន័យនេះ សម្តេចអះអាងថា នៅពេលកាត់បន្ថយចំណាយកាន់តែច្រើន កប៉ាល់ដឹកជញ្ជូននឹងកើនឡើងកាន់តែច្រើន ពោលគឺកើនឡើងនៃសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា និងកើនឡើងការងារជូនប្រជាពលរដ្ឋដែលជាចំណែកមួយក្នុងការអភិវឌ្ឍន៍ប្រទេស។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែឧសភា លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនដោយបញ្ជាក់ថា ការដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi (Jiangyin) ទៅខេត្តព្រះសីហនុបានបើកជាផ្លូវការនៅថ្ងៃទី ១៨ ខែឧសភា។ លោកឲ្យដឹងថា តាមការប៉ាន់ប្រមាណថា រយៈពេលនៃការដឹកជញ្ជូននឹងត្រូវកាត់ខ្លីមកនៅត្រឹម ៧ ទៅ ១០ ថ្ងៃ។ ការកាត់បន្ថយផ្ទេរការដឹកជញ្ជូនក៏អាចសន្សំបានពី ២០% ទៅ ៣០% នៃថ្លៃដើមប្រតិបត្តិការនៅកំពង់ផែ៕

អត្ថបទ៖ លីណូ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី និងផេក លោក វ៉ាង វិនប៊ីន