សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink នៃក្រុមហ៊ុន SpaceX របស់សហគ្រិនបច្ចេកវិទ្យា Elon Musk បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារ ខណៈពលរដ្ឋមានជំនឿអាចទុកចិត្តបាន និងគ្មានការរំខានពីការចូលប្រើអ៊ីនធឺណិត។


លោក Muhammad Yunus ដែលបានដឹកនាំរដ្ឋាភិបាលចាប់តាំងពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសបន្ទាប់ពីការតវ៉ាដោយហិង្សាជាច្រើនសប្តាហ៍កាលពីឆ្នាំ២០២៤បាននិយាយថា កិច្ចព្រមព្រៀងនេះបានផ្តល់សេវាកម្មដែលមិនអាចត្រូវបានរំខានដោយចលាចលនយោបាយណាមួយនាពេលអនាគត។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។
ក្រុមហ៊ុន SpaceX បានបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ជំនួយការ លោក Muhammad Yunus គឺលោក Faiz Ahmad Taiyeb បាននិយាយថា កញ្ចប់ប្រចាំខែចាប់ផ្តើមពី $៣៥ដុល្លារ សម្រាប់សេវាកម្មដែលឥឡូវនេះមាននៅទូទាំងប្រទេស។ លោកបន្តថា សម្រាប់ដំឡើងឧបករណ៍ចំនួន $៣៨៥ដុល្លារ។
លោកបានបន្ថែមថា នេះបានបង្កើតជម្រើសប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន ដើម្បីទទួលបានសេវាកម្មអ៊ីនធឺណិតដែលមានគុណភាពខ្ពស់ និងល្បឿនលឿន។
ជ័យលាភីណូបែលសន្តិភាព លោក Yunus បានចូលកាន់តំណែងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នក្នុងខែសីហា បន្ទាប់ពី លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ អាជ្ញាធរបានផ្អាកសេវាអ៊ីធឺណិត និងផ្ញើសារជាអក្សរ ខណៈការតវ៉ាបានរីករាលដាលទូទាំងប្រទេសកាលពីខែកក្កដាឆ្នាំមុន។
សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink បានពង្រីកយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកដើម្បីប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ដោយផ្តោតយ៉ាងខ្លាំងទៅលើកំណើនបន្ថែមទៀតនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters