នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ចាប់ពីខេត្តកណ្តាល រហូតដល់ខេត្តកែប ចម្ងាយប្រមាណ ១៥៣ គីឡូម៉ែត្រ។


ក្រុមហ៊ុនព្រែកជីកហ្វូណន បានឲ្យដឹងលើបណ្តាញសង្គមFacebook ថា សម្រាប់កំណាត់ទី២ នេះ ក្រុមការងារអន្តរក្រសួងនឹងប្រើប្រាស់ឧបករណ៍ទំនើប បច្ចេកវិទ្យាចុងក្រោយ ដែលទើបបានបំពាក់បន្ថែម ដើម្បីធានាសុក្រឹត្យភាពនៃការចុះផ្ទៀងផ្ទាត់ និងបោះបង្គោលកំណត់និយាមកាកាន់តែប្រសើរឡើង និងភាពឆាប់រហ័សនៃការបំពេញការងារ។
សូមជម្រាបថា បច្ចុប្បន្នបន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចការគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ត្រូវបានបញ្ចប់ការវាស់វែងផលប៉ះពាល់ ១០០% និងកំពុងបន្តនីតិវិធីជាបន្តបន្ទាប់សម្រាប់ផ្តល់សំណងជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រុមហ៊ុនអនុវត្តគម្រោង បាននិងកំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីបោសសម្អាតគ្រឿងយុទ្ធភណ្ឌពុំទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម មុននឹងបញ្ជូនគ្រឿងចក្រជីកស្តារសម្រាប់កំណត់ទី១។

គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកព្រែកជីកហ្វូណនតេជោ