ស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អ អ្នកឧកញ៉ា ហុង ពីវ កែប្រែលក្ខខណ្ឌទិញផ្ទះពីអតិថិជន ក្រោយចំណាយជាង ៣៨លានដុល្លារ

មហាសេដ្ឋីអចលនទ្រព្យ  ហុង ពីវ  បានប្រកាសនៅថ្ងៃនេះថា  ពេលនេះក្រុមហ៊ុន ពិភពថ្មី របស់លោកអស់លទ្ធភាពទិញផ្ទះចូលវិញទៀតហើយ ក្រោយពេលក្រុមហ៊ុនចំណាយលុយជាង ៣៨លានដុល្លារ ក្នុងរយៈពេល ៧ខែ ទិញផ្ទះពីអតិថិជនរបស់ខ្លួនកន្លងមក ដូច្នេះក្រុមហ៊ានធ្វើការកែប្រែលក្ខខណ្ឌជាថ្មី។

តាមដានជាមួយយើង៖ Million Times

សេចក្តីប្រកាសព័ត៌មានបុរី ពិភពថ្មី បញ្ជាក់ថា ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកលមិនទាន់ល្អនៅឡើយ ធ្វើឲ្យក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀត ដូច្នេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌមានចំណុចពីរធំៗ ទី១ ក្រុមហ៊ុនទទួលទិញផ្ទះវិញ ទៅតាមលក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យា និងត្រូវទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ។ 

ទី២ ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយប្រាក់បានកក់ និងប្រាក់បានសង់ដើម ទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ ប្រាក់នៅសល់ក្រោយទូទាត់មិនអាចលើសពី ៧ ០០០ដុល្លារ។ ករណីប្រាក់នៅសល់ក្រោយទូទាត់លើសពី ៧ ០០០ដុល្លារក្រុមហ៊ុនទទួលទិញវិញ ត្រឹម ៧ ០០០ដុល្លារ។ 

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហុង ពីវ បានបញ្ជាក់ថា ការកែប្រែលក្ខខណ្ឌនេះ សម្រាប់តែអតិថិជនកំពុងបង់រំលស់មានផ្ទះតែមួយ និងបានទិញមុនថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម