រយៈពេល៤ខែដើមឆ្នាំ២០២៥ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅ កម្ពុជា មានចំនួនជាង ២ម៉ឺនជើង គឺកើនឡើង ជាង ១៧% ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨% បើធៀបទៅនឹងរយៈ ពេល៤ខែដូចគ្នាកាលពីឆ្នាំទៅមិញ។


លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ចាប់គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) មាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២២,៦៨៦ជើង) មានការកើនឡើងជាង១៧% បើធៀបទៅនឹងរយៈ ពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២.៥លាននាក់ (២,៥២៥,២០៨នាក់) មានការកើនឡើងជាង ១៨% បើធៀបទៅ នឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនតោន (២២,៣៥០តោន) មានការកើនឡើង ៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
លោកថា គិតត្រឺមខែមេសា ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ទៅកាន់គោលដៅ រាជធានី/ទីក្រុង សរុបចំនួន៣៤ នៅក្នុងតំបន់ និងសកលលោក។ ប្រទេសចំនួន៦ ក្នុងចំណោមប្រទេស១២ប្រទេស ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជាច្រើនជាងគេនោះគឺ ទី១.ប្រទេសថៃ ទី២.ចិន ទី៣.វៀតណាម ទី៤.សឹង្ហបុរី ទី៥.ម៉ាឡេស៊ី និងទី៦.ប្រទេសកូរ៉េ។
សូមជម្រាបជូនថា ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ជាង ១,៨៣ លាននាក់ពោលកើនឡើង១៦% បើធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍បានព្យាករថា ប្រាក់ចំណូលបាន ពីទេសចរអន្តរជាតិ នឹងកើនឡើងដល់ប្រមាណ ៥.១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលរួមចំណែកប្រមាណ ១០.៥% ដល់ GDP របស់ប្រទេស៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម