រថយន្តតម្លៃ ១លានដុល្លារមានសមត្ថភាពហោះហើរ ត្រៀមវាយលុកទីផ្សារនាឆ្នាំក្រោយ

ក្រុមហ៊ុន Klein Vision ដែលមានមូលដ្ឋាននៅប្រទេសស្លូវ៉ាគីបានបញ្ចេញនូវរថយន្តមួយប្រភេទ ដែលមានសមត្ថភាពអាចហោះហើរលើមេឃបាន ប្រៀបដូចជាយន្តហោះខ្នាតតូច ដោយដាក់ឈ្មោះថា AirCar។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន HypeBeast បានចុះផ្សាយថា រថយន្ត AirCar នឹងមានវត្តមានលើទីផ្សាររថយន្តនៅដើមឆ្នាំ២០២៦ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ៨០០ ០០០ រហូតដល់ ១លានដុល្លារអាមេរិក។

ក្រុមហ៊ុនអះអាងថា រថយន្តមួយគ្រឿងនេះមានមុខងារបិទបើកស្លាប ប្រៀបដូចយន្តហោះ លាតសន្ធឹងប្រវែង ៨,២ម៉ែត្រ និងមានប្រព័ន្ធសុវត្ថិភាពឆត្រយោង។ រថយន្តនេះអាចផ្លាស់ប្ដូរមុខងារ ពីរថយន្តធម្មតា ទៅជារថយន្តហោះ ក្នុងរយៈពេលតិចជាង ២នាទី និងអាចហោះបានក្នុងរយៈកម្ពស់ខ្ពស់បំផុតប្រហែល ៣ ០៤៨ម៉ែត្រពីដី។

រថយន្តតម្លៃ ១លានដុល្លារនេះផងដែរ ដំណើរការដោយម៉ាស៊ីនសាំង និងមាន ៣ជម្រើសសម្រាប់អតិថិជន ដោយមានកម្លាំង ២៨០សេះ ៣២០សេះ និងកម្លាំងខ្លាំងបំផុត ៣៤០សេះ៕

អត្ថបទ៖ Luffy រូបភាព៖ Carscoop