កម្មវិធីមង្គលជ័យកូនស្រីឯកឧត្តម ជិត គន្ធុល សុទ្ធតែភ្ញៀវលំដាប់កំពូលៗ

កូន​ស្រី​ឯកឧត្ដម ជិត គន្ធុល និង​លោកស្រី គ្រី វួចឈង បាន​រៀបចំ​កម្មវិធី​មង្គលការ​យ៉ាង​អធិកអធម​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ពិសេស​សម្ដេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​មង្គលការ​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​តាម​​ស្ថាប័ន​ធំ​ៗ​ជាច្រើន ដើម្បីជា​សាក្សី​ស្នេហ៍នៃ​កូន​កំលោះ​នាម នួន ច័ន្ទវិបុត្រ និង​កូន​ក្រមុំ ជិត យូរីកូ។ ក្នុង​បរិយាកាស​សប្បាយ​រីករាយ ទាំងមេបាសងខាង និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម និង​ឲ្យ​ពរជ័យ​ដល់​គូ​ស្វាមី​ភរិយា​ទាំង ២។

កម្មវិធី​ប្រពៃណី​រៀបចំ​តាមលំដាប់លំដោយ​ ​តាំងពី​ថ្ងៃ​ចូល​រោង​ជ័យ​តាំង​ពី​ល្ងាច​ថ្ងៃ ៩ រហូត​មក​ដល់​កម្មវិធី​ជប់លៀង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ថ្ងៃ ១០ ខែឧសភា ឆ្នាំ ២០២៥ នោះ ​សង្កេត​ឃើញ​ថា ភ្ញៀវ​លំដាប់​កំពូល​ៗ​មាន​ថ្នាក់​ដឹក​នាំ​ប្រទេស និង​អ្នកជំនួញ​ធំ​ៗ​មាន​មុខ​មាត់ ឋានៈ​ក្នុង​សង្គមចូលរួម​ជាបន្តបន្ទាប់។

និយាយ​ពី​កន្លែង​រៀបចំ​កម្មវិធី​វិញ​ម្ដង ឃើញ​ថា​ធ្វើ​ឡើង​នៅ​អគារ​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វា OCIC។ បរិវេណ​រៀបចំ​ធំ​ទូលាយ បូក​រួម​ការ​ដេគ័រ​ផ្កា ក្បាច់​រចនា​បែប​ខ្មែរ អំពូល​គ្រីស្តាល់​យ៉ាង​ប្រណីត ញ៉ាំង​ឲ្យ​លេច​សម្រស់​មួយ​ផ្នែក ហើយ​កូន​កំលោះ-ក្រមុំ និង​ញាតិមិត្ត​ជិត​ឆ្ងាយ រៀបចំ​កាយ​ស្អាត​ៗ ចែងចាំង​រស្មី មើល​ទៅ​ស្រស់​បំព្រង។

គូរ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្ដម ជិត គន្ធុល គឺ​ជា​កូន​ប្រសា​ប្រុស ​អ្នកឧកញ៉ា ឧត្ដម​មង្គល​សោភ័ណ្ឌ គ្រី ទូច ដោយ​អ្នកឧកញ៉ា ឧត្ដម​មង្គល​សោភ័ណ្ឌ គ្រី ទូច គឺជា​បងប្រុស​បង្កើត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory