បន្ទាប់ពីបានពិភាក្សាការងាតាមរយៈប្រព័ន្ធវីដេអូ(Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)រួចមក គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក ស៊ុន ចាន់ថុល រួមជាមួយឥស្សរជនសំខាន់ៗរហូតដល់១៩រូបផងដែរ ក៏បានចាកចេញទៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ទី១០ខែ ឧសភា ដើម្បីចរចារអំពីបញ្ហាពន្ធគយ ហើយនៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៥នេះ ក៏ជាថ្ងៃនៃកិច្ចចរចាដែរ។


មុនចាកចេញទៅសហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៏ថា បន្ទាប់ពីពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ(Zoom)រួចមក លោកមិនប្រាកដថាតឹងឬក៏ធូជាងមុននោះទេ បើគេមិនចង់ចរចារជាមួយកម្ពុជា ខាងភាគីអាមេរិកក៏គេមិនហៅកម្ពុជាទៅចរចានោះដែរ។ តាមពិតកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ១៨ ទៅ២០ដំបូង ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការចរចារពន្ធដោយផ្ទាល់ ប្រទេសគេនិងប្រទេសយើង មានឆន្ទះរាងខ្លួនក្នុងការចរចានេះ។

លោក ស៊ុន ចាន់ថុល ក៏បានបន្ថែមទៀតថា សម្រាប់សហរដ្ឋអាមេរិកគេយល់ណាស់ ដោយគេទទួលស្គាល់អំណាចនៃការបញ្ជារទិញនៅកម្ពុជាយើងមានកម្រិត ខណៈកម្ពុជានាំចេញទៅអាមេរិក ១២ពាន់លាន ចំណែកអាមេរិកនាំចូល៣០០លានដុល្លាក្នុងមួយឆ្នាំ ហើយសម្រាប់ការទៅលើកនេះ ក្នុងន័យ ចរចារ ការពារ ដើម្បីផលប្រយោជន៏កម្ពុជា។
សម្រាប់ការចូលរួមក្នុងការចរចារពន្ធដោយផ្ទាល់នេះ លោក ស៊ុន ចាន់ថុល មានសង្ឃឹម ១០០ភាគរយ បើគ្មានសង្ឃឹមលោកក៏មិនចេញទៅដែរ ព្រោះលោកបានត្រៀមរួចរាល់ក្នុងការចរចារនេះ៕
អត្ថបទ៖ មោលី , រូបភាព ៖ Chanthol Sun