កន្លងមកយើងតែងតែដឹងថា មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺជា CEO មួយរូបដែលទទួលបានប្រាក់បៀវត្សច្រើនបំផុត ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ មនុស្សកំពូលលុយរូបនេះ មិនមែនជា CEO មានប្រាក់បៀវត្សខ្ពស់បំផុតនៅអាមេរិកឡើយ។


គេហទំព័រ Equilar បានរាយការណ៍ថា លោក Jim Anderson នាយកប្រតិបត្តិក្រុមហ៊ុន Coherent បានជាប់ឈ្មោះជា CEO ទទួលបានប្រាក់បៀវត្សខ្ពស់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ ដោយទទួលបានរហូតដល់ ១០១លានដុល្លារ។
ក្រុមហ៊ុនបច្ចេកវិទ្យា Coherent ផ្ដល់ប្រាក់បៀវត្សប្រចាំឆ្នាំសម្រាប់លោក Jim ចំនួន ១,០៦លានដុល្លារ ប៉ុន្តែលោកទទួលបានសាច់ប្រាក់សុទ្ធត្រឹម ៨១ ៥៣៨ដុល្លារប៉ុណ្ណោះ ខណៈទឹកប្រាក់សេសសល់ ត្រូវបានបង្វិលសងជាចំណែកភាគហ៊ុន។ បន្ថែមពីនោះ លោកក៏ទទួលបានកញ្ចប់លើកទឹកចិត្ត ៥០០ ០០០ដុល្លារពីក្រុមហ៊ុនថែមទៀត។
CEO រូបនេះមានបទពិសោធន៍ជោគជាំក្នុងវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិក ពោលធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Lattice Semiconductor និងបានកាន់តួនាទីជាន់ខ្ពស់នៅ AMD ជាកន្លែងដែលលោកបានដឹកនាំអង្គភាពអាជីវកម្មកុំព្យូទ័រ និងក្រាហ្វិក។ លោកទទួលបាន MBA និងអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រពី MIT ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Purdue និងបរិញ្ញាបត្រពីសាកលវិទ្យាល័យ Minnesota ក្នុងមុខជំនាញវិស្វកម្មអគ្គិសនី។
ប្រាក់បៀវត្សរបស់ CEO វ័យ ៥២ឆ្នាំរូបនេះ មានចំនួនច្រើនលើសលុប បើធៀបនឹងមហាសេដ្ឋីបច្ចេកវិទ្យាដទៃទៀតដូចជា CEO ក្រុមហ៊ុន Microsoft លោក Satya Nadella ទទួលបាន ៧៩លានដុល្លារ CEO ក្រុមហ៊ុន Apple លោក Tim Cook ទទួលបានជិត ៧៥លានដុល្លារ និងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ទទួលបានជាង ៣៤លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ Ekonomiarenkz