មង្គលការកូនស្រីអ្នកឧកញ៉ា ភួ ពុយ ស្រស់ស្អាត ថ្លៃថ្នូរ ល្បីកក្រើកពេញបាត់ដំបង

កាលពី​សប្ដាហ៍​មុនកូនស្រីរបស់អ្នកឧកញ៉ា ភួ ពុយ មាន​ឈ្មោះ ភួ យូនីលីវើ បាន​ចូល​រោង​ជ័យ​ជាមួយ​បុរស​សង្ហា​មាន​គ្រប់​យ៉ាង រិន សុភារៈ ដែល​ជា​កូន​ប្រុស​លោក ហាយ វណ្ណរិន និងលោកស្រី ឈរ ហុងឆាយ។

តាមដានជាមួយយើង៖ Million Times

រោងការ​ពោរពេញ​ទៅ​ដោយ​ផ្កា ស្រស់ និង​រៀបចំ​ឡើង​យ៉ាង​ប្រណីត អញ្ជើញភ្ញៀវ​ជា​អ្នក​ធំ​ធ្វើឲ្យ​អ្នក​បាត់ដំបង សរសើរ​គ្រប់​ៗ​គ្នា។ ទោះ​ជា​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ក៏​ពិតមែន តែ​ភ្ញៀវ​សឹងតែ​គ្រប់​រូប បាន​ផ្ដល់​កិត្តិយស​ចូលរួម​ឲ្យ​ពរជ័យ ដល់​គូ​ស្វាមី​ភរិយា​ថ្មោងថ្មី​នេះ​តាំងពី​ថ្ងៃចូលរោង។

មង្គល​ការ​មាន​រយៈពេល ២ ថ្ងៃ​ចាប់ពី​ថ្ងៃ ៩ ដល់​ថ្ងៃ ១០ ខែ​ឧសភា នៃ​គ្រួសារ​អ្នកមាន​ទ្រព្យ និង​មុខមាត់​ក្នុង​សង្គម​គូ​នេះ សុទ្ធ​ភ្ញៀវ​កិត្តិយស​ពិសេសសុទ្ធតែជា​អ្នក​នៅ​ភ្នំពេញ ដែល​មាន​ឋានៈ​មុខមាត់​ក្នុង​សង្គម ជា​ពិសេស​ជំទាវ​ទី១ ពេជ ចន្ទមុន្នី ភរិយា​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

ក្រៅពី​ភរិយា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ជំទាវ​ទី១ ពេជ ចន្ទមុន្នី ក៏​នៅ​មាន​អ្នក​ជំនួញ​ល្បី​ៗ​ជាច្រើន​នៅ​ក្នុង​ស្រុក​ខ្មែរ បាន​ទៅ​ចូលរួម​ថ្ងៃ​សិរី​មង្គល និង​ធ្វើ​ជា​ចាស់​ទុំ​ដឹងឮ​ក្នុង​ពិធី​មង្គលការ​ដ៏​ធំ​មួយ​នេះ។

ក្រឡេក​ទៅ​មើល​កូន​ក្រមុំ ដ៏​ស្រស់​សោភា ឫកពា​សមសួន​ថ្លៃថ្នូរ ញញឹមញញែម សំពះ​ទន់ភ្លន់​ចំពោះ​ភ្ញៀវ​គ្រប់​រូប​ដែល​ចូលរួម។ ចំណែក​កូន​កំលោះ​ឯណោះ​វិញ ទាំង​សង្ហា មាន​ចំណេះដឹង និង​មាន​ឫកពា​ជា​សុភាព​បុរស​ចំ​តួ។ គូ​ស្វាមី​ប្ដី​ប្រពន្ធ​នេះ ពិតជា​សម​គ្នា​ទាំង​រូប​សម្បត្តិ និង​ចំណេះដឹង ហើយ​ជា​ពិសេស​មាន​ភាព​ចាស់​ចិត្ត​គំនិត អាច​សាង​គ្រួសារ​មួយ​យ៉ាង​ពេញលេញ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia