ផ្ទះនៅស្រុកកំណើតសម្តេច ហ៊ុន សែន នឹងប្រែក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រ

សម្ដេច ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អម​វត្តមាន​ដោយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ក្រុម​ការងារ​ជាច្រើន​រូប​ទៀតបាន​ទៅ​ទស្សនា​ផ្ទះ​កំណើត​របស់សម្ដេច ហ៊ុន សែន ស្ថិត​ក្នុង​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ១១ ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ។

តាមដានជាមួយយើង៖ Million Times

​ដំណើរ​លើក​ដំបូងរបស់​សម្ដេច​ ម៉ែន សំអន ដែល​បាន​ទៅ​ទស្សនា​ដោយ​ដោយ​ផ្ទាល់​នូវ​ផ្ទះ​កំណើត​សម្ដេច ហ៊ុន សែន ហើយ​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ព្រម​ជាមួយប្រជាពលរដ្ឋ​​រស់នៅ​ម្ដុំ​នោះ​​ទទួល​ស្វាគមន៍ និង​ជួបសំណេះសំណាល​គ្នា ព្រម​ជាមួយ​​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​បង្ហើប​ឲ្យ​ដឹង​ថា នឹង​មាន​គម្រោង​កែច្នៃ និង​រៀបចំ​ផ្ទះ​នោះ ទៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តេជោ​សែន ដើម្បី​ទុក​ជា​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ​របស់​សម្ដេច ហ៊ុន សែន,​ជា​កំណប់​ទ្រព្យ​របស់​អ្នក​ស្ទឹង​ត្រង់, ទុក​ជា​ការ​សិក្សា​ស្រាវជ្រាវ​របស់​យុវជន​ជំនាន់​ក្រោយ​ៗ​ទៀត ក៏ដូចជា,ការ​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍ និង​ស្ទួយ​មុខ​មាត់​ខេត្ត​កំពង់ចាម​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកប​ដោយ សក្ដានុពល និង​ភាព​ទាក់ទាញ។

សម្ដេច ម៉ែន សំអន បាន​កោត​សរសើរ ពេញចិត្ត និង​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ប្រែក្លាយ​ផ្ទះ​នៅ​ស្រុក​កំណើត​សម្ដេច ហ៊ុន សែន ទៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តេ​ជោ​សែន និង​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អភិបាល​ខេត្ត​កំពង់ចាម​រួម​សហការ​គ្នា​សិក្សា​ពី​នីតិវិធី​ក្នុង​រៀបចំ។

តាមរយៈ​លោក ច្រឹង គឹមស្រ៊ាន ទីប្រឹក្សា​សម្ដេច ហ៊ុន សែន បាន​បញ្ជាប់​ថា កាលពី​អំឡុង ខែ​មករា ឆ្នាំ ១៩៨៨ ដោយ​ឃើញ​ថា​ផ្ទះ​ចាស់ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ទើប​សុំ​ការ​ឯកភាព​ពី​ឯកឧត្ដម ហ៊ុន នាង រុះរើ​ផ្ទះ​ចាស់​នោះ​ចេញ ជំនួស​ដោយ​ផ្ទះ​ថ្មី សង់​​ពី​ឈើ​ប្រក់​ក្បឿង ទំហំ ៦ម×១៤ម ដែល​មាន​អ្នក​ស្រី សុន ជូ និង​ស្វាមី ជា​អ្នក​មើល​ថែ​ទាំ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Men Sam An